ភ្នំពេញ៖ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ បានបន្តណែនាំដល់អាជ្ញាធរ និងកងកម្លាំងខណ្ឌឬស្សីកែវ ដាក់ពង្រាយកម្លាំង ពង្រឹងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានមិនថារដូវបុណ្យទាននោះ ពោលគឺ ជាប្រចាំថ្ងៃ ដើម្បីផ្ដល់សេចក្ដីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ក៏បានណែនាំដល់គ្រប់កម្លាំងទាំងអស់ ត្រូវចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅតាមចំណុចគោលដៅសំខាន់ៗ និងមានកម្លាំងប្រចាំបញ្ជា កម្លាំងសម្ងាត់ និងកម្លាំងការពារ សម្រាប់ទីតាំងមួយចំនួន។ បន្ថែមពីនោះ ត្រូវពិនិត្យតាមដានមុខសញ្ញា ដែលប្រព្រឹត្តបទល្មើស និងមុខសញ្ញាបង្កអសន្តិសុខគ្រប់ប្រភេទ ដោយត្រូវធ្វើការទប់ស្កាត់ជាបន្ទាន់ ចំពោះបទល្មើសទាំងនោះ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋយើង បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងបានដើរលេងកំសាន្ត ដោយគ្មានការភ័យក្លាច។ សម្រាប់កម្លាំងនគរបាល ត្រូវត្រៀមជួយធ្វើអន្តរាគមន៍ និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអគ្គិភ័យ ឬមានបាតុភាពអ្វីមួយកើតឡើង ។
ក្នុងឱកាសនោះដែរ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកអភិបាលខណ្ឌឬស្សីកែវ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ ជូនដល់កងកម្លាំង ប្រដាប់អាវុធ កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ និងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សរុប ៦៣០នាក់ ដោយក្នុងនោះ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បាននាំយកថវិកាអំណោយរបស់ឯកឧត្តម យឹម លាង ចែកជូនដល់ដៃមន្ត្រីនគរបាលប៉ុស្ដិទាំង៧ និងនគរបាលខណ្ឌឬស្សីកែវ សរុបចំនួន ១៧៦នាក់ផងដែរ ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀត ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថា បិណ្ឌ១, បិណ្ឌ២ និងថ្ងៃបញ្ចប់ គឺជាថ្ងៃបុណ្យ ភ្ជុំបិណ្ឌ ៕
ដោយ៖ ជីណា