ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជុំបិណ្ឌថ្ងៃទី១ ភ្ញៀវទេសចរជិត ៣ម៉ឺននាក់ សម្រុកមកតំបន់ទេសចរណ៍លេងកម្សាន្ត នៅខេត្តកំពត

ចែករំលែក៖

 ខេត្តកំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា នៅថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ គឺថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញ ភ្ញៀវទេសចរបានសម្រុកមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាន និងកន្លែកកម្សាន្តនានាក្នុងខេត្តមានចំនួនច្រើន ពិសេសតំបន់ត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស។ 

 លោកប្រធានមន្ទីរបន្តថា ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តខេត្តកំពតមានចំនួន ២៦.៩៥១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៦.៧៣២ ភ្ញៀវទេសចរអន្តរជាតិមានចំនួន២២០នាក់។

ដោយឡែកមន្ត្រីជំនាញបានឱ្យដឹងថា នៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ ខេត្តកំពតទទួលបានភ្ញៀវទេសចរមកសម្រាកកម្សាន្តប្រមាណជិត ៣ម៉ឺននាក់ ខណៈស្ថានភាពទូទៅល្អប្រសើ សេវាកម្មផ្សេងផ្តល់ជូនភ្ញៀវទេសចរមានភាពល្អប្រសើ ហើយ រីស៊ត បឹងហ្គាឡូ សណ្ឋាគារ និងផ្ទះលំហែក្នុងខេត្តកំពតត្រូវបានភ្ញៀវស្នាក់នៅពេញ។

 លោកប្រធានមន្ទីរទេសចរណ៍ក៏បានឱ្យដឹងបន្ថែមថា ចំពោះស្ថានភាពទូទៅនៅក្នុងខេត្តកំពត គឺមានភាពល្អប្រសើ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ខណៈសេវាកម្មដែលពាក់ព័ន្ធ និងទេសចរណ៍ផ្សេងៗ ពិសេសសេវាកម្មម្ហូបអាហារផ្តល់ជូនទៅកាន់ភ្ញៀវមានភាពល្អប្រសើ។ 

ហើយចំពោះសេវាស្នាក់នៅសម្រាប់ រីស៊ត បឹងហ្គាឡូ សណ្ឋាគារ ផ្ទះលំហែ ត្រូវបានភ្ញៀវស្នាក់នៅពេញទាំងអស់ លើកលែងតែផ្ទះសំណាក់ដែលនៅសេសសល់បន្ទប់មួយចំនួន។

 ទន្ទឹមនឹងនោះដែរ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនអាជីវករដែលប្រកបរបរលើវិស័យទេសចរណ៍ សូមរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យល្អនៅទីតាំងរបស់ខ្លួន ពិសេសបន្តនូវភាពស្មោះត្រង់ចំពោះការផ្តល់សេវាជូនភ្ញៀវ ដោយធ្វើយ៉ាងណាកុំមានការដំឡើងថ្លៃណាមួយដែលមិនសមរម្យក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃនេះ។ 

តើខេត្តកំពតមានសក្ដានុពលអ្វីខ្លះ ទាក់ទាញកំណើនទេសចរ? ខេត្តកំពតជាខេត្តមួយ ប៉ូលទេសចរមួយលាតសន្ធឹងប្រវែង ៦៥ គីឡូម៉ែត្រជាប់មាត់សមុទ្រ មានតំបន់ទេសចរណ៍ ៣ ប្រភេទគឺតំបន់ទេសចរណ៍តាមភ្នំ តំបន់ទំនាបកណ្ដាល និងតំបន់ទេសចរណ៍តាមឆ្នេរ ដែលមានសក្ដានុពលទាក់ទាញទេសចរខ្លាំង។

ដោយសារតែស្ថានភាព និងលក្ខណៈភូមិសាស្ត្រអំណោយផល នៅតាមតំបន់ភ្នំ ដែលមានទេសចរជាតិ និងអន្តរជាតិទៅលេងច្រើន ការដើរកម្សាន្ត បោះតង់ស្រូបខ្យល់អាកាសនៅលើភ្នំជាដើម ជាពិសេសនៅស្រុកជុំគិរី និងស្រុកឈូក និងតាមបណ្ដាភ្នំមួយចំនួន ។

ក្នុងខេត្តកំពតមានដៃព្រែកធំៗចំនួន ១៣ ដែលហូរធ្លាក់ពីតំបន់ខ្ពស់សំដៅឆ្ពោះទៅឆ្នេរសមុទ្រ ឆ្នេរទាំងអស់នោះ គឺមានសក្ដានុពលប្រណិត ដែលបម្រើឱ្យវិស័យទេសចរជាតិ និងអន្តរជាតិនៅតាមដងព្រែកទាំងអស់នោះ គឺបម្រើទៅឱ្យការស្នាក់នៅរបស់ទេសចរណ៍ជាតិ និងអន្តរជាតិដែល ស្រូបយកអាកាសធាតុ និងបរិស្ថានល្អទៅលើទឹកដី នៃខេត្តកំពត ដោយសារនៅលើដងព្រែកមានខ្យល់បរិសុទ្ធបក់ធ្លាក់មកពីកំពូលភ្នំបូកគោ។ នៅលើដងព្រែក មានសណ្ឋាគារ ភោជនីយដ្ឋាន បឹងហ្គាឡូ អាហារដា្ឋនគ្រប់បែបយ៉ាង ដើម្បី ទាក់ទាញបម្រើការទាក់ទាញទេសចរ។

តំបន់ឆ្នេរ ៖ កន្លងមកខេត្តកំពតមិនមានឆ្នេរទេ ឥឡូវរដ្ឋបាលខេត្ត បានអភិវឌ្ឍឆ្នេរជាប់ព្រែកកំពតដោយបានដាក់ឱ្យដំណើរការ និងកំពុងមានការពេញនិយម នៅតាមឆ្នេរនោះគឺទេសចរអាចទទួលទានអាហារពេលល្ងាច មើលថ្ងៃលិច ដែលមានលក្ខណៈប្រណិត ដែលប៉ប្រះនឹងភ្នំបូកគោប្រកបដោយខ្យល់អាកាសល្អ។ ទិសដៅពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងបង្កើតឆ្នេរថ្មីៗទៀត ដើម្បីទាក់ទាញទេសចរ ៕

ដោយ ៖ សិលា


ចែករំលែក៖