ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងករណីរបស់ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពី បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ក្រសួងព័ត៌មានសូមគូស បញ្ជាក់៖
១-ក្រសួងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ ក្រសួងសូមលើកទឹកចិត្តដល់ជនត្រូវចោទ ម៉ិច ដារ៉ា និងក្រុមមេធាវីការពារក្តី ខិតខំប្រមែរប្រមូលភស្តុតាងដើម្បីតតាំងស្របតាម នីតិវិធីច្បាប់នៅចំពោះមុខតុលាការ។ បុគ្គលដែលប្រព្រឹត្តបទល្មើស ត្រូវទទួលខុសត្រូវតាមច្បាប់។ ករណីជនត្រូវចោទមាន តម្រូវការផ្នែកមេធាវីការពារក្តីបន្ថែម ក្រសួងនឹងពិនិត្យពិចារណាតាមលក្ខខណ្ឌដែលបានកំណត់ដូចអ្វីដែលក្រសួងបាន ពិនិត្យផ្តល់ជូនដល់អ្នកសារព័ត៌មានផ្សេងៗទៀតដែរ។
២-យោងតាមអង្គហេតុដែលបានចោទប្រកាន់ សំណុំរឿងរបស់ជនត្រូវចោទ ម៉ិច ដារ៉ា មិនពាក់ព័ន្ធនឹងវិជ្ជាជីវៈ សារព័ត៌មានទេ ដូច្នេះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនកុំព្យាយាមភ្ជាប់នឹងការអនុវត្តវិជ្ជា ជីវៈសារព័ត៌មាន និងធ្វើការវាយតម្លៃដោយខុសឆ្គងនិងគ្មានមូលដ្ឋានលើវិស័យសារព័ត៌មាននៅកម្ពុជា និងមិនគួរមានជំងឺ តួឯក និងតាំងខ្លួនជាជើងឯកក្នុងសេរីភាពសារព័ត៌មាននោះទេ។
៣-ការប្រឌិតព័ត៌មានក្លែងក្លាយ និងបង្ហោះសារផ្សព្វផ្សាយដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត មូលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងៗដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ហើយបើករណីជននោះជាអ្នកសារព័ត៌មាន ការបំភ្លៃការពិត និងប្រឌិត ព័ត៌មានក្លែងក្លាយមិនមែនជាសេរីភាពនៃសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយទេ។ ទង្វើបំពានក្រៅវិជ្ជាជីវៈ សារព័ត៌មានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ទង្វើបំពានទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពនៃសារព័ត៌មានឡើយ។
៤-រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន បានប្រកាន់នូវគោលជំហរមុឺងម៉ាត់លើកស្ទួយសេរីភាពខាង សារព័ត៌មាន។ ជាមួយគ្នានេះ កម្ពុជារួមជាមួយពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មាន ក្លែងបន្លំ និងព័ត៌មានបំភ័ន្តផ្សេងៗដើម្បីធានាផ្តល់ជូនប្រជាពលរដ្ឋនូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ សាធារណជន និងដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារលទ្ធិប្រជាធិបតេយ្យ។ យោងតាមរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជាចេញផ្សាយនៅឆ្នាំ២០២៤ នេះ បញ្ជាក់ថាសេរីភាពខាងសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។
៥-យោងតាមទិន្នន័យនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន, បណ្ណសម្គាល់ខ្លួនជាអ្នក សារព័ត៌មានរបស់ឈ្មោះ ម៉ិច ដារ៉ា នេះបានហួសសុពលភាពតាំងពីចុង ឆ្នាំ២០២២ មកម៉្លេះ និងមិនមានការស្នើសុំបន្ត សុពលភាពជាថ្មីទេរហូតមកដល់ពេលនេះទោះក្នុងទម្រង់ស្ថាប័ន ឬជាអ្នកសារព័ត៌មានគ្មានអង្គភាព (freelancer)។ គេមិន ត្រូវយកបុគ្គលប្រព្រឹត្តបទល្មើសម្នាក់មកវាយតម្លៃលើស្ថានភាពសារព័ត៌មាននៅកម្ពុជាឡើយ។ សេរីភាពសារព័ត៌មាននៅ កម្ពុជាក៏មិនមែនស្ថិតនៅលើបបូរមាត់របស់ជនបរទេសវាយតម្លៃដែរ៕
ដោយ ៖ សិលា