ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរកម្ពុជាបានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងការតាំងបង្ហាញ Super Cars ច្រើនបំផុតនៅមុខប្រាសាទអង្គរវត្ត

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរកម្ពុជាបានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងការតាំងបង្ហាញ Super Cars ច្រើនបំផុតនៅមុខប្រាសាទអង្គរវត្ត កាលពីព្រឹត្តិការណ៍ Gumball 3000 នៅប្រទេសកម្ពុជា។ 

សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍មួយនេះមានការចូលរួមពីមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ ។

អ្នករៀបចំព្រឹត្តិការណ៍អះអាងថា នេះមិនមែនជាព្រឹត្តិការណ៍ដើម្បីបង្អួតរថយន្តទំនើបៗពីសំណាក់អ្នកមាននៅកម្ពុជាទេ តែវាជាព្រឹត្តិការណ៍ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ ការបើកឱកាសឲ្យអ្នកវិនិយោគបានជួបគ្នា និងជាការបង្កើតកំណត់ត្រាពិភពលោកហ្គីណេសដែលមានការចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត ។

សំណួរសួរថា តើប្រទេសកម្ពុជា ចំណេញអ្វីខ្លះជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball3000?

ចម្លើយនោះគឺ៖ 

1-មានចរន្តសេដ្ឋកិច្ចជាបណ្តាញ ដូចជាតម្រូវការដូចជា អាហារ កន្លែងស្នាក់នៅ កន្លែងកម្សាន្តនានា និងសាំងឡាន -ល-។

2-ទទួលបានការបរិច្ចាគចូលមន្ទីរពេទ្យកុមារអង្គរ (ក្មេងរាប់ម៉ឺននាក់ឈឺរាល់ថ្ងៃ ហើយត្រូវការ ការព្យាបាល)។

3- បង្ហាញច្បាស់ៗពីវប្បធម៌ និងតំបន់ទេសចរណ៍របស់ខ្មែរ ជាពិសេសតំបន់ប្រាសាទ

4- បង្ហាញទៅពិភពលោកពីសេរីភាព និងសន្តិភាពក្នុងការដើរហើរ ដើម្បីកុំឱ្យប្រទេសជិតខាងបំបាំងយើងពីផែនទី ព្រោះជើងហោះហើរធំៗចុះនៅប្រទេសគេសិន (ចំណុចនេះសំខាន់ក្នុងវិស័យទេសចរណ៍)

5-បង្ហាញពីកិច្ចសហការជាមួយកម្មវិធីអន្តរជាតិនានា (លើកក្រោយគេមកទៀត)

6- ទាក់ទាញជនល្បីៗដែលមិនដែលបានមកស្គាល់ស្រុកយើង

7- គេមកលេង គេមកផ្សព្វផ្សាយ (មនុស្សធម្មតាម្នាក់យ៉ាងហោចក៏មានអ្នកស្គាល់រាប់ពាន់នាក់បន្តដែរ ចុះបុគ្គលល្បី?)

8-ទាក់ទាញទេសចររដូវកាល Greeny Angkor

9- គេបានស្គាល់ពីអត្តចរិតពិតនៃយើង (ជនជាតិដែលភ្ជាប់នឹងស្នាមញញឹម និងភាពស្មោះត្រង់)

10- ចូលរួមវ៉ាជែងជាមួយអន្តរជាតិ ជាមួយធនធាន និងចំណេះដឹង (វិស័យឡាន)

11- បំពេញបំណងអ្នកស្រឡាញ់ឡាន ជាដើម.

នៅមានចំណុចច្រើនទៀតដែលចំណេញខ្លាំងដល់ប្រទេសយើង សូមចូលរួមគាំទ្រការសហការបង្កើតនូវកម្មវិធីជាតិ និងអន្តរជាតិបន្តបន្ទាប់ទៀត ជារឿងសំខាន់មួយទៀត ប្រតិបត្តិករទេសចរណ៍ត្រូវរកស៊ីឱ្យស្មោះត្រង់ អ្នកជាអ្នកតំណាងស្រុកខ្មែរយើង បើអ្នកមិនត្រង់នឹងភ្ញៀវ យើងនឹងបាត់ឱកាស និងផ្តល់ជាបទពិសោធន៍មិនល្អ គេអាចនឹងមិនមកម្តងទៀត សូមឱ្យគេចេញទៅ ដោយក្តីនឹករលឹក ។ 

សូមរំលឹកថា ៖ សម្ដេចមហាបវរធិបតី បានថ្លែងថា ៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យ។ 

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព

ក្នុងឱកាសនៃជំនួប លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន និង អាជ្ញាធរដែនដី ពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។ 

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត ៕

ដោយ ៖ សិលា


ចែករំលែក៖