នៅថ្ងៃទី 2 ខែតុលា ព្យុះទីហ្វុង Krathon បានបន្តបណ្តាលឱ្យមានខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលប៉ះពាល់ដល់តំបន់ជាច្រើននៃប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ (ប្រទេសចិន)។
មកទល់នឹងថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលានេះ ព្យុះទីហ្វុង Krathon ដែលបានឆក់យកជីវិតមនុស្ស ២នាក់រួចហើយនោះ កំពុងបន្តវាយលុកលើកោះតៃវ៉ាន់ ប៉ុន្តែបានថមថយឥទ្ធិពលបន្តិច នាំឱ្យជើងហោះហើររាប់រយបន្តផ្អាក និងបិទទីផ្សារហិរញ្ញវត្ថុ។
តាមការព្យាករ Krathon នឹងថមថយឥទ្ធិពលមកជាព្យុះទីហ្វុងប្រភេទទី២ ពេលបោកបក់មកដល់ទីក្រុងកំពង់ផែ Kaohsiung ភាគនិរតី នៅវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ ទោះយ៉ាងនេះក្តី រដ្ឋបាលតៃវ៉ាន់ នៅតែព្រមានពីភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ និងរលកសមុទ្រខ្ពស់។ ព្យុះនេះនឹងរំកិលបន្តិចម្តងៗ ឆ្ពោះទៅកាន់តំបន់ទំនាបភាគខាងលិចនៃកោះតៃវ៉ាន់ ហើយចុះខ្សោយឥទ្ធិលពលទៅជាព្យុះត្រូពិច នៅយប់ថ្ងៃសុក្រ មុនពេលទៅដល់ទីក្រុងតៃប៉ិ។
ជើងហោះហើរក្នុងស្រុកទាំងអស់ត្រូវបានលុបចោលចូលដល់ថ្ងៃទីពីរ ក៏ដូចជាជើងហោះហើរអន្តរជាតិចំនួន ២៣៦ ផងដែរ។ រីឯ ខ្សែរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅភាគខាងត្បូងតៃវ៉ាន់ ត្រូវផ្អាករហូតដល់ពេលព្រលប់។ ទីផ្សារហិរញ្ញវត្ថុតៃវ៉ាន់ ក៏ត្រូវបិទសម្រាប់ថ្ងៃទីពីរដែរ។
ជារឿយៗ ព្យុះទីហ្វុងតែងវាយលុកឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ដែលនៅប្រឈមនឹងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែព្យុះ Krathon មានឥទ្ធិលពលមិនធម្មតាទេ ព្រោះវាបោកបក់ដោយផ្ទាល់ចូលទៅដល់ឆ្នេរសមុទ្រ ភាគខាងលិចតៃវ៉ាន់តែម្តង៕ ដោយ៖ ធីរីណា
រូបថត៖ CNA