ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ វិលត្រឡប់មករាជធានីភ្នំពេញវិញ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់មករាជធានីភ្នំពេញ ដើម្បីបន្តប្រកបរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលទីតាំងចំណតនៅឯផ្សារទំនើប ភួ ប៉ុយ។

ដោយឡែកប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ ៥ពីភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងជាង៦០០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ហើយសម្រាប់ខេត្តបាត់ដំបងមានរថយន្តចំនួន៨០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅមកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖