សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ ២០២៤ បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់នូវការគាំទ្រចំពោះ លោក Antonio Guterres ប្រមុខនៃ UN ដែលត្រូវអ៉ីស្រាអែល ហាមមិនឱ្យចូលទៅក្នុងប្រទេសរបស់ខ្លួន ក្រោយការអត្ថាធិប្បាយជុំវិញជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។
ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកចំនួន ១៥ នាក់បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ដូច្នេះថា «ការសម្រេចចិត្តណាមួយ ដែលមិនសហការជាមួយប្រមុខ UN ឬ UN នោះ គឺវាផ្ទុយពីផលចំណេញ ពិសេសនៅក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា»។ ទោះជាសេចក្តីថ្លែងការណ៍រួមនេះ មិនបានសរសេរចំឈ្មោះអ៉ីស្រាអែល ប៉ុន្តែវាបានបង្ហាញពីការឯកភាពគ្នា នៅក្នុងចំណោមក្រុមប្រឹក្សាសន្តិសុខទាំងមូល។
បន្ទាប់ពីការបាញ់មីស៉ីលជាង ១៨០គ្រាប់របស់អ៉ីរ៉ង់ ទៅលើអ៉ីស្រាអែល លោក Guterres បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយថ្កោលទោសចំពោះការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ា។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz ចាត់ទុកថា ការមិនហ៊ាននិយាយថ្កោលទោសអ៉ីរ៉ង់ពីសំណាក់លោក Guterres បានបង្ហាញពីគោលជំហរមិននៅខាងអ៉ីស្រាអែល ដូច្នេះមិនគួរត្រូវបានស្វាគមន៍ ឱ្យចូលមកក្នុងទឹកដីអ៉ីស្រាអែលឡើយ៕ ដោយ៖ ធីរីណា
រូបថត៖ AFP