ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-​អាម៉េរិក បង្ហាញឆន្ទៈនឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ

ចែករំលែក៖

សេតវិមាន, វ៉ាស៊ីនតោនឌីស៊ី៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC បានឱ្យដឹងនៅថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ តបតាមការអញ្ជើញរបស់លោកទីប្រឹក្សារងសន្តិសុខជាតិ ផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាម៉េរិក​ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់)។ 

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ក្នុងឱកាសនៃជំនួបជាមួយលោក Daleep Singh បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងប្រទេសទាំងពីរកន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកអាចមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ 

បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីរួចរាល់ លោក Daleep Singh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ 

ភាគីទាំងពីរបានបង្ហាញឆន្ទៈនឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ៕

ដោយ​៖ តារា​


ចែករំលែក៖