ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដល់ លោកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីជំនួបចុងក្រោយរវាងសម្តេច និងលោកអគ្គរដ្ឋទូត គឺធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្លេះ ដែលពេលនោះសម្តេច នៅបំពេញតួនាទីជានាយករដ្ឋមន្រ្តីនៅឡើយ។ សម្តេចតេជោ ក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានថ្លែងអំណរគុណចំពោះសម្តេចតេជោប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់សម្តេច ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម។ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី១ ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង២ផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថាទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។
លោកឯកអគ្គរដ្ឋទូត ក៏បានយកឱកាសនេះ គោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែល បានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់បីបានបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល៣៨ឆ្នាំ និងបានសម្រេចនូវសមិទ្ធផលដ៏មានតម្លៃជាច្រើនដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា អស់រយៈពេល ១ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់លោកផ្ទាល់ លោកសូមវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត ដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និងគោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលជាផ្លែផ្កា និងជាពិសេសគឺធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអបអរសាទរសម្តេចក្នុងឱកាសសម្តេចបានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានយកចិត្តទុកដាក់ កោតសរសើររាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេន។ សម្តេចតេជោ បានបន្តថា កន្លងមកតែងមានទស្សនៈយល់ឃើញថា រាជរដ្ឋាភិបាលជាយុវជននេះ នឹងត្រូវការពេលវេលាដើម្បីអាចដឹកនាំបាន ប៉ុន្តែ ការពិត ពួកគេត្រូវការពេលមកដល់ ដើម្បីចេញដំណើរក្នុងការដឹកនាំប្រទេស។ ការដឹកនាំប្រទេស អស់រយៈពេល១ឆ្នាំកន្លងមក នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតជាទទួលបានលទ្ធផលលើសការរំពឹងទុក ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចមិនថមថយ និងកំណើននៃការនាំចេញបានកើនឡើងដល់២០%។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបន្តទៀតថា អស់រយៈពេល ២០ឆ្នាំមកនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អ។ ទោះបីជាបានជួបវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើការនាំចូល ទៅជាប្រទេសមានការនាំចេញ និងមានកំណើននៃការនាំចេញថែមទៀតផង។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត មានការយោគយល់ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយព្រះរាជាណាចក្រកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
ចំពោះទំនាក់ទំនងកូរ៉េខាងជើងជាមួយអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាងជើង គប្បីប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាន និងការផ្សាភ្ជាប់កូរ៉េខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បានបន្តថាកម្ពុជា យល់អំពីភាពចាំបាច់នៃការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែ សូមកុំដាក់វិធានការដែលដើរហួសពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភ ដល់ប្រទេសក្នុងតំបន់ និងអាស៊ាន។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា កម្ពុជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ សម្តេចតេជោ ក៏បានជម្រាបទៅ លោកឯកអគ្គរដ្ឋទូតផងដែរថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។
ជាចុងក្រោយ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងមន្រ្តីស្ថានទូតទាំងអស់សូមជួបតែសេចក្តីសុខ និងសេចក្តីចម្រើនក្នុងភារកិច្ចការងារជាបន្តបន្ទាប់ទៀត៕
ដោយ ៖ សិលា