ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ! Pregnancy and Oral health education! សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពទូទៅមានភាពល្អប្រសើរ។ ដូច្នេះហើយការថែរក្សាសុខភាពមាត់ធ្មេញអោយបានល្អពេលមានផ្ទៃពោះ គឺសំខាន់សំរាប់ម្តាយ និងទារកដែលកំពុងកកើត និងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ដើម្បីជៀសវាងការបង្ករោគផ្សេងៗនៅក្នុងមាត់។
១) តើមានអ្វីប្រែប្រួលខ្លះនៅក្នុងមាត់ ពេលដែលស្ត្រីមានផ្ទៃពោះ?
– ងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ
– ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ (Pregnancy Epulis Formation)
– កើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់ (Recurrent Aphthae)
២) តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ ឬទេ?
ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់
– ការងារជាទូទៅដូចជា ការសំអាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្មណ៍ឡើយ
– ការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់
– ការងារមួយចំនួនដែលធ្វើអោយសោភ័ណភាពប្រសើរ ដូចជា ពត់តំរង់ធ្មេញ គួររង់ចាំក្រោយសម្រាល
– ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ គឺត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) ចំពោះការព្យាបាលធ្មេញ
៣) ប្រសិនបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ ឬត្រីមាសទី៣ គួរធ្វើដូចម្តេច?
– សូមប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់
– ការប្រើប្រាស់ថ្នាំដោយខ្លួនឯងមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ
– ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ
៤) តើការថតកាំរស្មី X-ray សំរាប់ព្យាបាលធ្មេញប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ ឬទេ?
– នៅក្នុងត្រីមាសទី១ ប្រសិនបើអាច គួរជៀសវាងការថត
– បើសិនជាត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ
៥) ហេតុអ្វីបានជាកុមារខ្លះ ពេលដុះធ្មេញមានពណ៌ក្រម៉ៅខ្លាំង?
ការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline នៅពេលស្ត្រីមានផ្ទៃពោះ គឺធ្វើអោយកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង សូមជៀសវាងការប្រើថ្នាំសះប្រភេទនេះ។
៦) អនុសាសន៍៖
– សូមធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
– ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ
នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមគ្រូពេទ្យឯកទេស និងទន្តបណ្ឌិតឯកទេស ដែលមានការសហការយ៉ាងល្អ រង់ចាំផ្តល់ការប្រឹក្សា និងព្យាបាលជូនលោកអ្នកប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា