ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ណែនាំអភិបាលក្រុង-ស្រុក ពិនិត្យមើល កុំឱ្យមានការដំឡើងថ្លៃផ្ទះសំណាក់ និងម្ហូបអាហារ ក្នុងឱកាសប្រឡង បាក់ឌុប

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុក ចំនួន៥ ដែលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមដាន និងចុះពិនិត្យមើលពីតំលៃផ្ទះសំណាក់ និងតម្លៃម្ហូបអាហារ ដោយជៀសវាងការដំឡើងថ្លៃ ដែលនាំឱ្យប៉ះពាល់ដល់ប្អូនៗ សិស្សានុសិស្ស មកស្នាក់នៅក្នុងអំឡុងពេលប្រឡងបាក់ឌុប នាពេលខាងមុខនេះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃអាទិត្យ ទី០៦ ខែ តុលា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង បានថ្លែងបន្តថា អភិបាលក្រុង ត្រូវពិនិត្យមើលបញ្ហាថ្លៃផ្ទះសំណាក់ និងការលក់ម្ហូបអាហារឱ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយឱ្យក្រុមឆ្លៀតឱកាសពេលប្រឡង កេងចំណេញពីបញ្ហានេះទេ ព្រោះវាប៉ះពាល់ដល់ប្អូនៗសិស្សានុសិស្សដែលមកចូលរួមប្រឡង ហើយបើមានបញ្ហានេះកើតឡើងត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែល លោក អភិបាលខេត្តតាកែវ ក៏បានណែនាំដល់សមត្ថកិច្ចទាំងអស់ ត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍តាមបណ្ឌលប្រឡងឱ្យបានល្អប្រសើរ ហើយចំពោះការផ្ញើកង់ម៉ូតូរបស់បេក្ខជនចូលរួមប្រឡងមិនតម្រូវឱ្យបង់ប្រាក់នោះទេ។

គួរបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ សម្រាប់ខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧ ស្មើនឹង ៣៧៧បន្ទប់ មានបេក្ខជនសរុប ៩៣៤២នាក់ ស្រី ៤៩៦៧នាក់ ។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី ១៤៨៤នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣៤៨៣នាក់៕

ដោយ ៖ សិលា


ចែករំលែក៖