ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនជាតិចិនម្នាក់​ ជាបុគ្គលិកហាងម៉ាស្សា SKY CITY ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់ប្លន់យកទូរស័ព្ទដៃ និងលុយ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជា​ជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់ ប្លន់យកទូរស័ព្ទដៃ និងលុយ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអគារដឹព្រីត បន្ទប់លេខ ២៩២៣ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

ជនសង្ស័យឈ្មោះ FANG SHI QING ភេទប្រុស ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា SKY CITY មានទីលំនៅ អគារបុគ្គលិក SKY CITY (កោះពេជ្រ) បន្ទប់លេខ 307 ជាន់ទី៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សម្ភារបាត់បង់៖ ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 16 PRO MAX ពណ៌ទឹកមាស និងម៉ាក IPHONE 13 MINI ពណ៌ខ្មៅ), លុយចំនួន ៤០០$ (បួនរយដុល្លារអាមេរិក)។ វត្ថុតាងចាប់យកបាន៖ ម៉ូតូម៉ាក YAMAHA NOUVO ពណ៌ទឹកប្រាក់-ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1C-1095 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), មួកពណ៌ខៀវ (ពាក់ពេលប្រព្រឹត្តិបទល្មើស), មួកការពារសុវត្តិភាព ពណ៌ខ្មៅ (ពាក់ពេលជិះម៉ូតូគេចខ្លួន), ទូរស័ព្ទដៃ ០១គ្រឿង VIVO ពណ៌បៃតង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖