ខេត្តរតនគិរីរ៖ រថយន្តធន់ធំៗពីរគ្រឿងដែលគេដឹងថា បានផ្ទុកទៅដោយឈើប្រភេទលេខ១ និងលេខ២ ហើយបានចរាចរណ៍ចេញពីដែនដីក្រុមហ៊ុនហ្សួមហ្វាងស្ថិតក្នុងភូមិសមុទ្រលើឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយគេសង្ស័យថា បានផ្ទុកលើសពីច្បាប់មេព្រៃកំណត់ឲ្យនោះ ។
រថយន្តដឹកឈើទាំងពីរនោះ គ្មានសមត្ថកិច្ចណា ពិសេសផ្នែករដ្ឋបាលព្រៃឈើលំផាត់ មិនហ៊ានទៅក្បែរនោះឡើយ កត្តានេះគេបានដាក់ការសង្ស័យថា ក្រុមមន្ត្រីជំនាញទាំងនោះអាចទទួលបានលាភសក្ការៈពីក្រុមហ៊ុនដឹកជញ្ជូនឈើលើសម៉ែត្រគូប ពិសេស ក្រុមហ៊ុនហ្សួមហ្វាងនោះជាដើម។
ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ មានរថយន្តយីឌុបពីរគ្រឿង ដែលមានស្លាកលេខព្រះសីហនុ ៣A.១២៨០ និងស្លាកលេខ ស្វាយរៀង ៣A.១១៤១ ដឹកឈើពីក្រុមហ៊ុនហ្សួមហ្វាង ត្រូវគេរាយការណ៍ឲ្យដឹងថា រថយន្តទាំងនេះក្នុង១គ្រឿងៗបានផ្ទុកឈើរាប់សិបម៉ែត្រគូប បើកឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកូនមុំតាមដងផ្លូវជាតិលេខ៧៨ចេញពីស្រុកលំផាត់ ។
រថយន្តដឹកឈើទាំងនោះមិនត្រូវគេឃើញបានរំខានពីកម្លាំងសមត្ថកិច្ចនឹងកម្លាំងផ្នែករដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងដោយលោកហុង វណ្ណរាន នោះឡើយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងច្បាប់របស់រដ្ឋបាលព្រៃឈើ ខេត្តគឺក្នុងរថយន្ត១គ្រឿង គេអនុញ្ញាតឲ្យផ្ទុកឈើតែត្រឹមពី១៨ទៅ២០ម៉ែត្រគូបប៉ុណ្ណោះ យ៉ាងច្រើនបំផុតដើម្បីការពារផ្លូវជាតិ ដែលរាជរដ្ឋាភិបាលបានខិតខំស្ថាបនាឲ្យនោះខ្លាចរងនូវការប្រេះបែកពីការដឹកជញ្ជូនលើសទម្ងន់ និងលើសពីច្បាប់កំណត់របស់រថយន្តធុនធំៗទាំងនោះ ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថាក្រុមហ៊ុនហ្សួមហ្វាងនេះបានទទួលសិទ្ធិដេញថ្លៃនិងម៉ៅការឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ចស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត ខេត្តរតនគិរី ។
នៅក្នុងវេលាដែលមានឧិកាសឈូសឆាយដីក្រុមហ៊ុននេះមានប្រតិបត្តិការណ៍មួយទៀតគឺប្រមូលយកឈើដែលរងការឈូសឆាយដីនោះដឹកជញ្ជូនយកមកអារពុះនិងច្រៀកដើម្បីដឹកជញ្ជូនធ្វើអាជីវកម្មឆ្លងខេត្ត ហើយក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការជាច្រើនឆ្នាំកន្លងមកហើយ ឯឈើសម្រាប់ដឹកធ្វើអាជីវកម្មនៅតែមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។
ហើយគេមិនដឹងថាផ្ទៃដីសម្បទានដែលក្រុមហ៊ុននេះ ទទួលដេញថ្លៃឈូសឆាយមានផ្ទៃដីព្រៃឈើប៉ុន្មានហិចតានោះទេបានជាឈើនៅតែបន្តកាប់មិនចេះអស់ទាល់តែសោះ។
កត្តានេះបានធ្វើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តរតនគិរីមានចម្ងល់យ៉ាងខ្លាំង ហើយបានដាក់ការសង្ស័យថា ឈើពីរយីឌុបនេះកាប់និងដឹកជញ្ជូនយកមកធ្វើអាជីវកម្មសព្វថ្ងៃនេះមិនមែនកាប់នៅលើផ្ទៃដីសម្បទាននោះទៀតទេ គឺអាចកាប់ចេញពីតំបន់ដែនជំរកសត្វព្រៃលំផាត់ដែលគ្រប់គ្រងដោយលោកអ៊ូសុធីនាយដែនជំរកសត្វព្រៃលំផាត់នោះច្រើនជាង។
ជុំវិញការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនហ្សួមហ្វាង ដែលគេសង្ស័យថា បានផ្ទុកឈើលើសចំនួនម៉ែត្រគូបនោះ នគរវត្តបានព្យាយាមទំនាក់ទំនងសាកសួរទៅកាន់នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់គឺលោកហុងវណ្ណរាន តែទូរស័ព្ទខលចូលចេះតែហេឡូៗតែប៉ុណ្ណោះ។
រាល់ការដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការរបស់លោកហុងសុវណ្ណរាននាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិ៧៨ស្តិតនៅភូមិ៤សង្កាត់កាចាញក្រុងបានលុងដែលមានរថយន្តសេរីទំនើបៗដឹកជញ្ជូនឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃមិនដែលឃើញលោកហុងសុវណ្ណរានបង្ក្រាបមួយករណីនោះឡើយចេះតែប្រមូលលុយពីឈ្មួញដាក់ហោប៉ាវតែប៉ុណ្ណោះ។
ហេតុដូច្នេះសូមប្រមុខរាជរដ្ឋាភិបាល ជាពិសេស លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកព្រៃឈើ មេត្តាចុះត្រួតពិនិត្យមន្ត្រីខ្មូតមួយរូបនេះផង ៕ វុទ្ធឦសាន