ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឱរ៉ាល់ឃាត់បុរសម្នាក់ ទាញកាំភ្លើងបាញ់គំរាម និង លាក់ទុកអាវុធ ប្រើប្រាស់ដោយខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពយកកាំភ្លើងបាញ់គំរាម ខណៈដែលទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច។

ការឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះពីសំណាក់នគរបាលស្រុកឱរ៉ាល់កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងអង្គ្រង ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនបុរសជាជនសង្ស័យខាង លើនេះ នៅថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង៣០នាទី កម្លាំងនគរបាលបានទទួលបណ្តឹង ពីឈ្មោះ សុត វង់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្តឹងរៀបរាប់ថានៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង៨ និង ០៣ នាទី ព្រឹក នៅចំណុចក្នុងចំការចេកក្រុមហ៊ុន ឈុន ទ្រី ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឈ្មោះ ណន ខ្នាន់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិ ត្រពាំងអង្គ្រង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានធ្វើ សកម្មភាពយកកាំភ្លើង១ ដើមមិនស្គាល់ម៉ាក (កាំភ្លើងចាស់)  មកភ្ជុង បាញ់ទៅលើដីគំរាមមកលើខ្លួនចំនួន១ គ្រាប់ ក្នុងពេល នោះដែរ អ្នកធ្វើការ ជាមួយគ្នាមកជួយឃាត់ ទើបឈ្មោះ ណន ខ្នាន់ ច្រកកាំភ្លើងចូលក្នុងការ៉ុង ហើយកាន់ដើរចេញទៅបាត់ ។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បន្តទៀតថា ក្រោយទទួលបានព័ត៌មាន និងបណ្តឹងពីជនរង គ្រោះ រួចមកដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ កម្លាំងជំនាញ របស់ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលត្រពាំងជោ  បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិង ដកហូត វត្ថុតាងរួមមាន៖

_អាវុធ ម៉ាក CK  ០១ ដើម (ស៊េរីចាស់) 

_បង់ដែក ចំនួន ០១ 

_គ្រាប់ចំនួន ១៥ គ្រាប់ 

និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ណន ខ្នាន់ នាំយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ជាបណ្ដោះអាសន្នដើម្បីបន្តនិតិវិធី។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតឡើងរឿងរ៉ាវខាងលើមកពីជនរងគ្រោះ កាប់ដើមចេកជន សង្ស័យត្រូវជាបងថ្លៃអស់០២ដើមមិនប្រាប់ ហើយវ៉ៃជនសង្ស័យទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖