ព័ត៌មានទាន់ហេតុការណ៍៖

វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ចូលរួមចំណែកក្នុងកម្មវិធីទទួលអាហារសាមគ្គី មិនគិតថ្លៃ និងផ្ដល់កន្លែងស្នាក់នៅ ដល់សិស្សានុសិស្ស ដែលមកប្រឡង បាក់ឌុប សម័យប្រឡងថ្ងៃទី០៨-០៩​ ខែតុលា ឆ្នាំ២០២៤នាថ្ងៃស្អែកនេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ចូលរួមចំណែកក្នុងកម្មវិធីទទួលអាហារសាមគ្គី មិនគិតថ្លៃ និងផ្ដល់កន្លែងស្នាក់នៅ ដល់សិស្សានុសិស្ស ដែលមកប្រឡង បាក់ឌុបសម័យប្រឡងថ្ងៃទី០៨-០៩​ ខែតុលា ឆ្នាំ២០២៤នាថ្ងៃស្អែកខាងមុខនេះ។

ព្រះគ្រូសច្ច កល្យាណ យ៉ន សុខសាន្ត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង បានមានថេរៈដីកាថាឆ្នាំ២០២៤នេះ ជាឆ្នាំទីប្រាំបួនហើយ ដែលព្រះអង្គ បានទទួលកន្លែងស្នាក់នៅ រួមជាមួយបាយទឹក មិនត្រឹមតែប្អូនៗជាបេក្ខជនប៉ុណ្ណោះឡើយ សូម្បីតែមាតាបិតា លោកគ្រូអ្នកគ្រូ បងៗសមត្ថកិច្ចកងកំលាំង អ្នកសង្កេតការណ៍ ក៌បានទទួលអាហារក្នុងវត្តព្រៃឆ្លាក់ ដែរ ។

ព្រះគ្រូសច្ច កល្យាណ យ៉ន សុខសាន្ត បានមានសង្ឃដីកាបន្តថា កម្មវិធីនេះអាចប្រព្រឹត្តទៅបាន ក៌ដោយសារមានការជួយឧបត្ថម្ភ អំពីរសំណាក់ព្រះថេរានុថេរគ្រប់ព្រះអង្គ លោកលោកស្រី សប្បុរសទាំងអស់ផងដែរ ឆ្នាំនេះក៌ទទួលប្រព្រឹត្តទៅតាមធម្មតាដែរ ។

ព្រះគ្រូ សូមថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យ និងទឹកចិត្ត លោកម្ចាស់ សាធុសប្បុរសជនទាំងអស់ បានចូលរួមចំណែកក្នុងកម្មវិធីទទួលអាហារសាមគ្គី ក្នុងថ្ងៃប្រឡង បាក់ឌុប នៅថ្ងៃខាងមុខនេះ សង្ឃឹមថាព្រះថេរានុថេរគ្រប់ព្រះអង្គ សាធុសប្បុរសនៅតែបន្តជួយជ្រោមជ្រែងបន្តទៀត ហើយក៌សូមអធ្យាយ៌ ញាតិញោមបានផ្ញើរថវិការមកហើយ ក្រុមការងាររៀបចំរូបឈ្មោះមិនទាន់ក៌សូមអធ្យាយ៌ ក្រុមការងារខិខំប្រឹងប្រែងបន្តទៀត សូមអរព្រះគុណ និងសូមអរគុណ ។

វត្តព្រៃឆ្លាក់ សូមគោរពជម្រាបជូនដំណឹងដល់មាតាបិតា អាណា ព្យាបាល ប្អូនៗក្មួយៗ សិស្សានុសិស្ស ដែលត្រូវប្រឡង សញ្ញាបត្រឹមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មេត្តាជ្រាបថា៖ ដោយឃើញមានការលំបាកក្នុង ការរកកន្លែងស្នាក់នៅ អាហារហូបចុក របស់ សិស្សានុសិស្សដែលមកពីស្រុកឆ្ងាយ រឺ ជិតក្តីព្រះគ្រូសច្ច កល្យាណ យ៉ន សុខសាន្ត ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង បានគ្រោង រៀបចំនូវម្ហូបអាហារ កន្លែងស្នាក់នៅជូនដល់ សិស្សានុសិស្ស និង អាណាព្យាបាល រយៈពេល ០២ថ្ងៃ (ថ្ងៃទី៨-៩ ខែតុលា ថ្ងៃប្រឡងបាក់ឌុប)។

សូមបញ្ជាក់ថា សមត្ថកិច្ចកងកំលាង ក៏មានការការពារសន្តិសុខសុវត្ថិភាព​ សណ្តាប់ធ្នាប់របៀបរៀបរយសម្រាប់ដំណេីរការប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៨-០៩​ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖