ខេត្តកំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការគរុកោសល្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយក នាយករងសាលាទាំងពីរ នាយ នាយរងការិយាល័យ នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ និងសិក្ខាកាមជាច្រើនរូបទៀត។
ក្រោយពីបានស្តាប់របាយការណ៍លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយរួច លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសថា៖ ថ្ងៃនេះខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែងដោយបានមកធ្វើជាអធិបតី ក្នុងពិធីនេះ ហើយឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលសម្រេចឱ្យកងរាជអាវុធហត្ថជ្រើសរើសនាយទាហានរង ចំនួន ១.០៣១នាក់ ដើម្បីបំពេញក្របខ័ណ្ឌ តាមរចនាសម្ព័ន្ធចាត់តាំង កងរាជអាវុធហត្ថ ។
ការបើវគ្គថ្ងៃនេះ មានគោលដៅ គោលបំណង និងសំណូមពរដូចខាងក្រោម៖
I. គោលដៅ (ទំនើបកម្មការងារអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាល ឆ្ពោះទៅធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ក្រោយពីបញ្ចប់វគ្គ)
II. គោលបំណង (ត្រៀមរៀបចំឱ្យបានល្អិតល្អន់ពីចម្ងាយ) ទាំងកម្មវិធីសិក្សា មេរៀន យោធាចារ្យ សាស្ត្រាចារ្យ សិក្ខាកាម និងការងារធានាផ្គត់ផ្គង់គ្រប់ផ្នែក ដើម្បីបម្រើការហ្វឹកហ្វឺន។
III. កម្មវិធី ខ្លឹមសារមេរៀន លោកនាយឧត្តមសេនីយ៍ សៅ សុខា ឯកភាពរបាយការណ៍លោកឧត្តមសេនីយ៍ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) ដែលទើបរាយការជូនអង្គពិធីទាំងស្រុង ។
IV. សំណូមពរ
១- នាយទាហាន នាយទាហានរង គ្រប់រូប ស្ថាប័ន និងមជ្ឈមណ្ឌល សហការគ្នាតាមតួនាទី ភារកិច្ចរៀងខ្លួន លើកកម្ពស់ស្មារតីទទួលខុសត្រូវ នូវកិច្ចការដែលបានប្រគល់ដោយធានាថាវគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រង ដ៏មានសារៈសំខាន់នេះ អនុវត្តបានល្អតាមកម្មវិធីដែលគ្រោងក្នុងផែនការវគ្គហ្វឹកហ្វឺន ។
២- សូមគ្រប់គ្នាចាំថា នៅពីលើយើងទាំងអស់គ្នាគឺមាតុភូមិ អ្វីដែលមានសារៈសំខាន់សម្រាប់យើងម្នាក់ៗ គឺកិត្តិយស ដើម្បីយើងទទួលបាននូវកិត្តិយស គឺយើងម្នាក់ៗត្រូវមានការទទួលខុសត្រូវដោយមនសិកា សម្បជញ្ញៈ ដោយអស់លោកជានាយទាហានធ្លាប់ទទួលបានការអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺន ព្រមទាំងមានមុខតំណែងគ្រប់គ្រងបុគ្គលិកក្រោមឱវាទរួចហើយនោះ។ បញ្ហាវិន័យ សណ្តាប់ធ្នាប់ និងភារកិច្ចបង្រៀន លោកនាយឧត្តមសេនីយ៍ សៅ សុខា ទុកឱ្យអស់លោកទទួលខុសត្រូវដោយខ្លួនឯង ព្រោះក្រោយបញ្ចប់វគ្គបំប៉ននេះទៅ អស់លោក និងក្លាយជាអ្នកគ្រប់គ្រង ជាគ្រូបង្រៀនគេហើយ ដូច្នេះយើងជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ជាអ្នកបញ្ជា ត្រូវតែមានសកម្មភាព ជាគំរូល្អជានិច្ច ។
៣- សូមជម្រាបថា តាមរបាយការណ៍គណៈកម្មការជ្រើសរើសពិនិត្យឃើញថាបេក្ខជនដែលជាប់មួយចំនួន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ មានជំនាញឯកទេស ដែលកងរាជអាវុធហត្ថកំពុងត្រូវការដើម្បីបង្កើតល្បឿនធ្វើកំណែទម្រង់ តាមគំនិតផ្តួចផ្តើមលោកនាយឧត្តមសេនីយ៍មេបញ្ជាការ អង្គប្រជុំអគ្គបញ្ជាការបានយល់ព្រមអនុញ្ញាតឱ្យមជ្ឈមណ្ឌលរៀបចំថ្នាក់រៀនជំនាញ សម្រាប់យោធិនទាំងនោះដើម្បីបំប៉ន ឬ រំលឹកឡើងវិញនូវជំនាញដែលពួកគេបានរៀន ដើម្បីឱ្យពួកគេរៀនបានបញ្ចប់ រួមជាមួយការហ្វឹកហ្វឺនវគ្គទី ៤៧ បញ្ចប់គឺចាត់បញ្ជូនពួកគេបំពេញក្របខ័ណ្ឌជំនាញ ដែលយើងកំពុងត្រូវការនៅតាមស្ថាប័ន កងឯកភាពតែម្តង ក្នុងស្មារតីនេះ ខ្ញុំស្នើឱ្យសហការគ្នា សម្រិតសម្រាំងបេក្ខជនដែលជាមុខសញ្ញាខាងលើរៀបចំឱ្យស្ថិតនៅក្នុងកងតែមួយ និងរៀបចំថ្នាក់រៀន ឧបទេសបង្រៀន សាស្ត្រាចារ្យ កម្មវិធី មេរៀន និងទាក់ទងស្ថាប័នគ្រឹះស្ថានសិក្សា ព្រមទាំងក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ចែងកិច្ចនេះឱ្យរលូនធានាគុណភាព។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការកោតសរសើរ គណៈកម្មការជ្រើសរើសនាទាហានរងនៃកងរាជអាវុធហត្ថ ស្នងការដ្ឋានកសាងកម្លាំង ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ស្នងការដ្ឋានភស្ភភារ ស្នងការដ្ឋានសម្ភារបច្ចេកទេស ការិយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ព្រមទាំងនាយទាហាន មេបញ្ជាការរងទទួលជំនាញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ដែលបានយកចិត្តទុកដាក់សហការគ្នាល្អ ទោះបីយើងពុំទាន់ទទួលបានគោលរបប តែយើងបានអនុវត្តបទបញ្ជាលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឱ្យប្រមូលកម្លាំងចូលតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត រួចរាល់ ។
សូមថ្លែងអំណរគុណ ស្ថាប័នចំណុះក្រសួងការពារពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការសហការ និងគាំទ្រកិច្ចការពាក់ព័ន្ធ ផ្តល់លទ្ធផលវិជ្ជមានដល់កិច្ចការកងរាជអាវុធហត្ថ។
សូមជូនពរលោក លោកស្រី យោធាចារ្យ សិក្ខាកាម អង្គពិធីទាំងមូល សមប្រកបដោយសុខភាពល្អ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា គ្រប់ក្រុមគ្រួសារមានសុភមង្គល និងសុវត្តិភាពរាល់ការធ្វើដំណើរជិតឆ្ងាយ៕
ដោយ៖ តារា