អតីតតារាបាល់ទាត់អង់គ្លេសដ៏ល្បីល្បាញ David Beckham និងភរិយាVictoria Beckhamបានទិញផ្ទះវីឡាដ៏ស្គឹមស្គៃ តម្លៃ 80 លានដុល្លារនៅទីក្រុង Miami ទឹកដីសហរដ្ឋអាមេរិក។
បើយោងទៅតាមគេហទំព័រ The Real Deal អចលនទ្រព្យតម្លៃដ៏មហាសាលនេះស្ថិតនៅជាប់មាត់ទឹកមានទេសភាពស្រស់ស្អាត ក្នុងតំបន់ North Bay Road មានតារាល្បីៗដូចជា Shakira និង Barry Gibb នៅក្បែរដោយ អាចមើលឃើញឆ្នេរសមុទ្រ Biscayne ហើយពិសេសនោះគឺទីតាំងនៅជិតក្លិបបាល់ទាត់ Inter Miamiរបស់ David Beckham តែម្តង ។
វិមាននេះមានទំហំ 14,270 ហ្វីតការ៉េ មានបន្ទប់គេងប្រាំបួន បន្ទប់ទឹក 13 កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់មើលកុន កន្លែងអង្គុយលើដំបូល អាងហែលទឹក និងកន្លែងសម្រាប់ទូកកម្សាន្តតម្លៃ 20 លានដុល្លាររបស់ពួកគេ។
វិមាន ទីក្រុង Miami នេះមានតម្លៃថ្លៃជាងគេបំផុតក្នុងចំណោមអចលនទ្រព្យរបស់ Beckhams ដែលរួមបញ្ចូលខុនដូ 20 លានដុល្លារនៅ Miami ផ្ទះតម្លៃ 40 លានដុល្លារនៅទីក្រុងឡុងដ៍ និងអចលនទ្រព្យ 15 លានដុល្លារនៅ Cotswolds ។
គួរបញ្ជាក់ថាBeckhams បច្ចុប្បន្នគឺជាម្ចាស់ក្លិបបាល់ទាត់Inter Miamiដោយបានទិញកីឡាករល្បីជាច្រើនដូចជា Lionel Messi ជាដើម៕
ដោយ៖ ភារៈ