ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូទៅបុករថយន្តពីក្រោយដួលអូសរបួសដៃ​ រួចដេីរចូលពេទ្យខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសដៃ រួចដើរទៅមន្ទីរពេទ្យកាល់ម៉ែតព្យាបាលរបួសដោយខ្លួនឯង​ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤  ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតនៅទល់មុខសាលារាជធានីភ្នំពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តតូយ៉ូតាព្រូស១គ្រឿង បានបើកបរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ដោយរថយន្តខាងលើ មានពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AX-2079 លុះមកដល់ចំណុចទល់មុខសាលារាជធានីភ្នំពេញ រថយន្តក៏បានបើកទៅស្ដាំដើម្បីឈប់និយាយទូរស័ព្ទ ។

    បេីតាមប្រភពបានបន្តថា បន្ទាប់មកគេបានឃើញបុរសម្នាក់ ជិះម៉ូតូហុងដាគុប ដែលមានផ្លាកលេខ ស៊េរីចាស់ ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ស្របទិសគ្នាពីក្រោយរថយន្ត លុះមកដល់ក្បែររថយន្តក៏បានជ្រុលចង្កូតទៅប៉ះជាមួយរថយន្តចំស្តុបផ្នែកខាងឆ្វេង បណ្តាលឲ្យដួលម៉ូតូរងរបួសដៃខាងស្តាំ រួចម្ចាស់ម៉ូតូ បានដើរទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលរបួសដោយខ្លួនឯង ដោយបន្សល់ទុកម៉ូតូរបស់ខ្លួននៅកណ្តាលផ្លូវ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ ព្រមទាំងបានធ្វើការវាស់វែង និងយកម៉ូតូទៅគៀន ដើម្បីរង់ចាំម្ចាស់ម៉ូតូត្រឡប់មកវិញ ដើម្បីដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖