ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងចង់ក្លាយជាប្រទេសមហាអំណាចបរមាណូ

ចែករំលែក៖

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក នឹងបង្កើនល្បឿនការបោះជំហានឆ្ពោះទៅរកការក្លាយជាកំពូលមហាអំណាចយោធា ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ហើយថានឹងមិនច្រានចោលឡើយនូវលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីរងការវាយប្រហារណាមួយពីសត្រូវ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី៨ ខែតុលានេះក៏បានឱ្យដឹងដែរថា លោក គីម ជុងអ៊ុន បានហៅឈ្មោះប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ចំៗ ឈ្មោះជាលើកទី២ក្នុងរយៈពេលមួយសប្ដាហ៍ ដោយថ្កោលទោសនូវអ្វីដែលលោកហៅថាជាការគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កអស្ថិរភាពនៅក្នុងតំបន់។ KCNA បានស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដែលបានគូសបញ្ជាក់ដូច្នេះថា «(លោក) យូន ស៊ុកយុល បានធ្វើការអត្ថាធិប្បាយគ្មានបានការ និងប្រើសម្ដីបាតផ្សារអំពីថ្ងៃអវសាននៃសាធារណរដ្ឋ(កូរ៉េខាងជើង)… ជាការពិតណាស់ យើងមិនមានបំណងវាយប្រហារកូរ៉េខាងត្បូងនោះទេ ប៉ុន្តែប្រសិនបើសត្រូវព្យាយាមប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងប្រទេសរបស់យើងនោះ យោធានៃសាធារណរដ្ឋ (កូរ៉េខាងជើង) នឹងប្រើប្រាស់គ្រប់មធ្យោបាយវាយលុកទាំងអស់ដោយគ្មានការស្ទាក់ស្ទើរឡើយ ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរផងដែរ»។
លោក គីម ជុងអ៊ុន ថែមទាំងបញ្ជាក់ទៀតផងថា កូរ៉េខាងជើងនឹងបង្កើនល្បឿនការបោះជំហានឆ្ពោះទៅរកការក្លាយជាកំពូលមហាអំណាចយោធាប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បើតាម KCNA ការកត់សម្គាល់ខាងលើរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ ជាថ្ងៃតែមួយដែលកូរ៉េខាងជើងឱ្យដឹងថា សភារបស់ខ្លួន នឹងកោះប្រជុំដើម្បីពិភាក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖