មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មនុស្ស៦នាក់ស្លាប់នៅក្នុងហេតុការណ៍យន្តហោះហោះទាក់ដើមឈើផ្ទុះនេះកាលពីថ្ងៃទី១៤ ខែសីហានៅតំបន់ Tuscaloosa ស្ថិតនៅ ក្នុងរដ្ឋ Alabama ភាគអាគ្នេយ៍អាមេរិក។
អភិបាលក្រុង Alabama លោក Walt Maddox បញ្ជាក់ថា អាកាសយានិកបាត់ទំនាក់ទំនងនៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា មុនពេលយន្តហោះ ហោះប៉ះដើមឈើផ្ទុះឆេះសម្លាប់មនុស្សទាំង៦នាក់ដែលជាប្តីប្រពន្ធ៣គូ។
តាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងដែនអាកាសអាមេរិក FAA បានឲ្យដឹង ថា យន្តហោះធុនតូចប្រភេទ Piper 31 បានហោះហើរពីអាកាសយានដ្ឋាន Kissimmee Gateway ក្នុងរដ្ឋ Florida ឆ្ពោះទៅ កាន់ Tuscaloosa ហើយហោះប៉ះដើមឈើក្នុងពេលព្យាយាមចុះចតនៅក្នុងអាកាសយានដ្ឋាន Tucaloosa។
អ្នកស្លាប់រួមមានគូស្វាមីភរិយា៣គូ ហើយធ្វើឲ្យកុមារ១១នាក់ដែលជាកូនគ្រួសារទាំង៣ខាងលើធ្លាក់ក្នុងសភាពកំព្រាឪពុកម្តាយ។ សេចក្តីរាយការណ៍បាន ឲ្យដឹងថា គូស្វាមីទាំង៣គូបានធ្វើដំណើរទៅកាន់ Oxford, Mississsippi បន្ទាប់ពី បានចូលរួមក្នុងសន្និសីទពេទ្យធ្មេញនៅរដ្ឋផ្លរីដា ។ សារព័ត៌មានឥន្ទ្រីបានចុះផ្សាយថា ក្រោយពីមានការស្លាប់គូស្វាមីចំនួន៣គូនោះបានញ៉ាំងឲ្យក្មេងៗចំនួន១១នាក់ត្រូវស្ថិតក្នុងភាពកំព្រាឪពុកម្តាយ៕ ម៉ែវ សាធី