ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានឲ្យដឹងអំពីករណីអំពើហិង្សាមួយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយបង្ករអំពើហិង្សាបានពីរម៉ោង។ ករណីនេះកើត ឡើងដោយសារតែជនរងគ្រោះមិនអនុញ្ញាតឲ្យជនសង្ស័យយកបាយនៅផ្ទះម្ដាយមីងទៅហូប។
សមត្ថកិច្ចឲ្យដឹងជុំវិញករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅចំណុចក្រុមទី១៦ ភូមិ១( ភូមិដូង)សង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង១៦ និង ៥៥នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
ជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ុក ពេជ្រ ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង -ខេត្តព្រះសីហនុ ។ របាយការណ៍បញ្ជាក់ថា រយៈពេល ២ម៉ោងក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវរហូតឈានទៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនដៃដល់ នៅក្រុមទី ១៦ ភូមិ១( ភូមិដូង)សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជន សង្ស័យឈ្មោះ ហ៊ាន រិទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជន ជាតិខ្មែរស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានយកដែកមុតស្រួវចាក់ទៅលើជនរងគ្រោះ ដោយមូលហេតុមានទំនាស់ពាក្យសំដីគ្នាជាមួយជនរងគ្រោះ រឿងមករកបាយហូបនៅផ្ទះអ៊ុំ នៅម្ដុំភូមិដូង តែជនរង គ្រោះហាមមិនឲ្យមក ក៏កើតទៅជាទំនាស់ និងហិង្សាដាក់គ្នាទៅវិញទៅមក។
បើតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ក្នុងពេលជម្លោះហិង្សាជនរងគ្រោះមានកាន់កាំបិតប៉័ងតោ ឯជន សង្ស័យកាន់ដែកមុតស្រួច ក្នុងនោះជនសង្សយ័បានចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកកសាងសំណុំ រឿងតាមនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា