ទីក្រុងបាងកក ៖ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមជូនដំណឹងដល់ សាធារណជន ជាពិសេសពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ឱ្យបាន ជ្រាបថា ស្ថានទូតបានធ្វើការតាមដានបញ្ហាទឹកជំនន់នៅក្នុងប្រទេសថៃ ជាពិសេសតាមបណ្តាខេត្តមួយ ចំនួនដែលមានពលករកម្ពុជាកំពុងធ្វើការ និងស្នាក់នៅ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ ស្ថានទូតពុំទាន់ទទួលបានព័ត៌មានថាមានពលរដ្ឋកម្ពុជារងគ្រោះ ឬមានបញ្ហា ដោយសារគ្រោះទឹកជំនន់នេះនៅឡើយទេ។ ថ្មីៗនេះ អាជ្ញាធរថៃ បានចេញប្រកាសជូនដំណឹងឱ្យប្រជា ពលរដ្ឋដែលស្ថិតនៅ ១៦តំបន់ ដែលនៅក្បែរប្រភពទឹក ជាពិសេសនៅតាមបណ្តោយទន្លេចៅប្រះយ៉ា ក្នុងទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ គួររៀបចំទុកដាក់របស់របរប្រើប្រាស់ដាក់នៅទីកន្លែង ខ្ពស់ និងមានសុវត្ថិភាព ដោយសារតែកម្រិតទឹកទន្លេចៅប្រះយ៉ានឹងកាន់តែឡើងខ្ពស់ពីមួយថ្ងៃទៅមួ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
ស្ថានទូតបាន និងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាថាពលរដ្ឋកម្ពុជាដែលកំពុង
ស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជា ពិសេសនៅតាមតំបន់ប្រកាសអាសន្ន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដាន ស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ សូមទំនាក់ទំនងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តាមទំនាក់ទំនងទូរស័ព្ទលេខ ០៩២ ៨០៥០ ៥៦១ (Facebook Page:https://www.facebook.com/profile.php?id=100064317896902&mibextid=JR oKGi ឬផ្នែកអនុព័ន្ធការងារ ទូរស័ព្ទលេខ ០៩៤ ០៩២ ៥៩០៥ ឬ ០៩៤ ៤១៦ ៥៥១៨ (Facebook Page: https://www.facebook.com/la.in.thailand) ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសពលករកម្ពុជាដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា