ទីក្រុងវៀងចន្ទន៍៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ- សន្តិសុខអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៥ ដឹកនាំដោយ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
1. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ានក្រោមភាពជាប្រធាន អាស៊ានឆ្នាំ២០២៤ របស់ឡាវ ក្រោមប្រធានបទ៖ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” និងបានពិភាក្សាអំពីដំណើរនៃការអនុវត្ត ការពិនិត្យឡើងវិញ និងការសម្រេចរបស់ប្រមុខដឹកនាំ អាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC)។ កិច្ចប្រជុំបានកោតសរសើរការបន្ត ខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងបានសម្តែងនូវការពេញចិត្តចំពោះការ កើនឡើងនៃចំនួនប្រទេសក្រៅតំបន់ ដែលបានបង្ហាញបំណងចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និង សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កម្ពុជាស្វាគមន៍ដៃគូទាំងឡាយណា ដែលចាប់អារម្មណ៍ចូលជាភាគីនៃ TAC និងកសាងទំនាក់ទំនងជាមួយអាស៊ាន ដោយឈរលើមូល ដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រចំពោះសំណើរបស់ហុងគ្រីចូលជាភាគីនៃ TAC និងទន្ទឹងរង់ចាំពិធីចុះហត្ថលេខាចូលជា ភាគីនៃ TAC របស់លុចសំបួ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤៤ និង៤៥ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិត ស្និទ្ធជាមួយប្រទេស សមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក ឱ្យឈានទៅកាន់កម្រិតថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទន្ទឹងរង់ចាំ ការអនុម័តសេចក្តីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការលើកកម្ពស់បញ្ញា សិប្បនិម្មិតប្រកបដោយសុវត្ថិភាព សន្តិសុខ និងទំនុកចិត្ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាមេរិក លើកទី១២ នាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ឡាវក្នុងតួនាទីជាប្រធានអាស៊ានចំពោះ ការខិតខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រមព្រៀង 5PC តាមរយៈការរៀបចំកិច្ចប្រជុំត្រីភាគីក្រៅផ្លូវការ និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ាឱ្យធ្វើការឆ្ពោះទៅកាន់កិច្ចសន្ទនាប្រកបដោយ សន្តិភាព និងបរិយាប័ន្នដើម្បីនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាអាទិភាពចម្បងគឺការបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
2. កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៨
កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការមេស្តីពីសហគមន៍នយោបាយ- សន្តិសុខអាស៊ានឆ្នាំ២០២៥ ហើយទន្ទឹងរង់ចាំរបាយការណ៍វាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្ត ផែនការនេះដោយលេខាធិការដ្ឋានអាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ឆ្លងដែន។ ចំពោះរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ លោកឧបនាយករដ្ឋមន្ត្រី បានលើក ឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់អាទិភាពដល់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រីលើគ្រប់វិស័យ រួមទាំងការបង្កើនការពង្រាយកងកម្លាំងស្ត្រីនៅក្នុងជួរកងយោធពល ខេមរភូមិន្ទ និងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន ដែលបានរួម ចំណែកវិភាគទានហិរញ្ញវត្ថុ ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយបានជម្រាបជូនប្រទេសសមាជិកអាស៊ានថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលណាចក្រកម្ពុជា សៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
3. កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៥ (ACC)
កិច្ចប្រជុំបានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) ក្នុងការរៀបចំបណ្តាផែនការ យុទ្ធសាស្ត្រថ្មីសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលរំពឹងថានឹងត្រូវបានអនុម័តនៅ ឆ្នាំក្រោយ អំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព ក្នុងការ អនុវត្តផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើត និងបានផ្លាស់ប្តូរទស្សនៈអំពីវិធីពន្លឿនដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រទីម័រខាងកើត ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះការបង្កើតអង្គភាពនៅក្នុងលេខាធិការដ្ឋាន អាស៊ាន ដើម្បីជួយទីម័រខាងកើតបំពេញលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ដូចដែលមានចែងក្នុង ផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើត៕
ដោយ៖ តារា