ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាសោកស្ដាយ ដែលរបាយការណ៍អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

នៅទីក្រុងហ្សឺណែវ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ តំណាងអចិន្ត្រៃយ៍កម្ពុជា បានចាត់ទុកថា របាយការណ៍នេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៃការអភិវឌ្ឍរបស់កម្ពុជាឡើយ។

សេចក្តីថ្លែងការណ៍ បានបន្តថា កម្ពុជានៅតែបន្តប្ដេជ្ញាចំពោះការបោះជំហានតាមបែបលទ្ធិប្រជាធិបតេយ្យសេរី។ ការបោះឆ្នោតពហុបក្ស ត្រូវបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននៅកម្ពុជា។ តួយ៉ាងការបោះឆ្នោត ឃុំសង្កាត់ និងការបោះឆ្នោតសភាក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ រួមទាំងលំហសេរីភាព និងនយោបាយត្រូវបានពង្រីកយ៉ាងទូលំទូលាយ ខណៈពិរុទ្ធជនដែលបានចូលរួមក្នុងសកម្មភាពបង្កចលាចលដល់សង្គមជាតិរាប់រយនាក់ ដែលត្រូវបានដកសិទ្ធិធ្វើ ឬចូលរួមក្នុងសកម្មភាពនយោបាយ ត្រូវបានលើកលែងទោស។ ពួកគេបានបង្កើត និងចូលរួម ជាមួយគណបក្សនយោបាយផ្សេងៗគ្នា ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត។

អត្រាអ្នកចូលរួមបោះឆ្នោតមានដល់ទៅ ៨៤.៥៩ភាគរយ ដើម្បីបោះឆ្នោតជ្រើសរើសគណបក្សដែលពួកគេពេញចិត្ត នៅក្នុងចំណោម១៩គណបក្ស ដែលបានចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្តបាន ខណៈមានអ្នកសង្កេតការណ៍រាប់ពាន់នាក់ចូលរួម ក្នុងនោះមាន ៣៣៣នាក់មកពីប្រទេសចំនួន៦៥។ ចំណែក ការបោះឆ្នោតព្រឹទ្ធសភាវិញ ក៏បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងប្រកបដោយបរិយាកាសសន្តិភាពផងដែរ។

 លំហនយោបាយ និងសង្គមស៊ីវិលត្រូវបានបើកចំហ និងមានសេរីភាពពេញលេញមិនអាចប្រកែកបាន ហើយជាសក្ខីភាព អង្គការសង្គមស៊ីវិលជាង ៦០០០ និងប្រព័ន្ធផ្សព្វផ្សាយជិត ២០០០ស្ថាប័ន បានធ្វើប្រតិបត្តិការរបស់ពួកគេដោយគ្មានការរឹតត្បិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តែទោះជាបែបនេះក្ដី ដូចគ្នាទៅនឹងបណ្ដាប្រទេសប្រជាធិបតេយ្យដទៃដែរ នៅកម្ពុជាការអនុវត្តសិទ្ធិប្រជាធិបតេយ្យ និងសេរីភាព គឺមិនអាចបំពាន ឬធ្វើផ្ទុយទៅច្បាប់បាននោះឡើយ។

កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្រោមរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ និងបន្តដើរតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស៕

ដោយ ៖ សិលា


ចែករំលែក៖