ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិន ចុះផ្អាកសំណង់កាស៊ីណូមួយកន្លែងសង់មិនត្រឹមត្រូវតាមប្លង់ ពោលលេីសចំណីថ្នល់

ចែករំលែក៖

ខេត្តប៉ៃលិន៖ សំណង់កាស៊ីណូមួយកន្លែងនៅជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរចុះផ្អាកការសាងសង់ដោយសង់មិនត្រឹមត្រូវតាមប្លង់គឺសង់ចេញមកចំណីផ្លូវប្រហែលជាង១០ម៉ែត្រ ចំណែកសំណង់ជាច្រើនទៀតក៏ត្រូវបានឱ្យរុះរើរបង្ខិតចូលទៅខាងក្នុងមិនឱ្យប៉ះពាល់លើចំណីថ្នល់ឡើយ។

លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា នៅតំបន់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នមានការសាងសង់សំណង់ជាច្រើនប្រភេទហើយខាងអាជ្ញាធរខេត្តតែងតែចាត់ក្រុមការងារចុះត្រួតពិនិត្យជាប្រចាំផងដែរ។

ជាក់ស្តែង ដូចពេលនេះជាដើមខាងរដ្ឋបាលខេត្ត បានដឹកនាំមន្ទីរជំនាញ និងរដ្ឋបាលស្រុកបានចុះមកពិនិត្យឃើញថានៅចំណុច អគារដែលកំពុងសាងសង់ឈ្មោះកាស៊ីណូ The Ministry of Dream ដែលមានលោកស្រី ជួប សុភី ជាតំណាង បានសាងសង់ខុសពីប្លង់ដែល បានសុំគឺធ្វើលើសចូលមកចំណីថ្នល់ជាង១០ម៉ែត្រហើយនៅក្នុងប្លង់មានរោងដាក់ឡាន តែបែរជាសាងសង់ជាស្ពានខុសក្នុងប្លង់ទើបខាងអាជ្ញាធរសុំឱ្យគាត់បញ្ឈប់ការសាងសង់រង់ចាំខាងគណ:កម្មការប្រជុំវាយតម្លៃរួចរាល់សិន។

ចំណែកកន្លែងខ្លះខាងជនជាតិចិនបានសាងសង់មកលើចំណីថ្នល់ក៏សុំឱ្យពួកគាត់រុះរើវិញភ្លាមផងដែរមិនអនុញ្ញាតឱ្យសាងសង់ចូលលើចំណីថ្នល់ឡើយដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណ:។

ជាមួយគ្នានេះ លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំសាងសង់ហៀរមកលើចំណីថ្នល់ ត្រូវសង់តាមច្បាប់កំណត់ គឺដើម្បីសោភ័ណភាព និងមិនមានការកកស្ទះចរាចរណ៍ផងដែរ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖