ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA ជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ទីក្រុងវៀងច័ន្ទន៍ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ នាពេលកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែលបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ 

លោក Xaysomphone Phomvihane បានថ្លែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ភាគីឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ មានជាអាទិ៍ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ដើម្បីលើកកម្ពស់វឌ្ឍនភាពនិងវិបុលភាពនៃប្រជាជាតិទាំងពីរ ៕

ដោយ ៖ សិលា


ចែករំលែក៖