ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១០ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ឋករណីក្រុមក្មេងទំនើងមានគ្នាចំនួន០៦នាក់បានប្រើប្រាស់ដៃ ជើង និងខ្សែក្រវ៉ាត់ ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់បណ្តាលរងរបួសបែកក្បាលផ្នែកខាងក្រោយ នៅចំណុច បណ្តោយផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ១០ នាទី រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមក ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៤ សមត្ថកិច្ចក៏បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សីហា វីរះបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា