ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់បងប្អូនកាប់ជនរងគ្រោះ២នាក់បងប្អូនដែររងរបួសធ្ងន់រួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនរងគ្រោះ២នាក់ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា បានជុំគ្នាអង្គុយផឹកស៊ីមិនទាន់អស់១កំប៉ុងផង ក៏ស្រាប់តែមានជនសង្ស័យ២នាក់បងប្អូនជិះម៉ូតូឌុបគ្នា បានយកកាំបិតប៉័ងតោនិងកាំបិតផ្គាក់កាប់បណ្ដាលឱ្យរងរបួសធ្ងន់ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចភូមិទេពអរជូន ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ០២នាក់ ១.ឈ្មោះ អ៊ូច វណ្ណឌឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (របួសរយះកំភួនដៃនិង ស្នាមមុតក្បាលផ្នែកខាងក្រោយធ្ងន់) ២.ឈ្មោះ អ៊ូច វណ្ណដែត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (របួសស្រាល)។ ចំណែកជនសង្ស័យ០២នាក់ ១.ឈ្មោះ ហេង យូហុីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល(កាន់កាំបិតប័ុងតោ) (គេចខ្លួន)។ ២.ឈ្មោះ ហេង យូហៀង ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (កាន់កាំបិតផ្គាក់) (គេចខ្លួន) ។វត្ថុតាងចាប់យក៖ ស្រោមកាំបិតបុ័ងតោចំនួន០១។

ប្រភពដដែលបន្តថា នៅថ្ងៃទី១០ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៥និង០៥នាទី ជនរងគ្រោះទាំងពីរនាក់និងឈ្មោះ ផល ផស់ អាយុ៤៧ឆ្នាំបានបបួលគ្នាមកផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ ប៊ុន ឆៃ អេង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ពេលដែលកំពុងអង្គុយផឹកមិនទាន់អស់ស្រាបៀរម្នាក់មួយកំប៉ុងផង ក៏ស្រាប់តែ ជនសង្ស័យទាំង០២នាក់ជិះម៉ូតូម៉ាកហុងដាគុបមូលមកដល់ ភ្លាមនោះឈ្មោះហេង យូហុីម បានដកកាំបិតប័ុងតោចេញពីស្រោមកាប់ទៅលើជនរងគ្រោះឈ្មោះអ៊ូច វណ្ណឌឿន បណ្ដាលអោយរងរបួសធ្ងន់ចំនួន២កន្លែង។ ឃើញដូច្នេះឈ្មោះអ៊ូច វណ្ណ ដែត ត្រូវជាបងក៏បានស្ទុះទៅជួយ ហើយជនសង្ស័យឈ្មោះ ហេង យូហៀង ក៏បានទាញកាំបិតផ្គាក់ពីម៉ូតូចូលទៅជួយដែរ ពេលនោះត្រូវបានអ្នកជិតខាងស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យទាំង២នាក់នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។  ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។ 

 ក្រោយបានទទួលព័ត៌មានខាងលើតាមទូរស័ព្ទភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យមកអនុវត្តតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖