ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូល រួមពីសំណាក់ ថ្នាក់ដឹកនាំ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុបចំនួនប្រមាណ ១៦៨ រូប។
ដំណើរការកំណែសន្លឹកកិច្ចការប្រឡងនេះ ក្រសួងអប់រំបានកំណត់យក វិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែដោយ មួយមណ្ឌលកំណែកែមួយមុខវិជ្ជា ក្នុងនោះរួមមាន ៖ ទី១).មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ (សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរ), ទី២).មណ្ឌលកំណែ វិទ្យាល័យបាក់ទូក (សម្រាប់មុខវិជ្ជា គណិតវិទ្យា), ទី៣).មណ្ឌលកំណែ វិទ្យាល័យចតុមុខ (សម្រាប់មុខវិជ្ជា ភាសបរទេស), ទី៤).មណ្ឌលកំណែវិទ្យាល័យវត្តកោះ(សម្រាប់មុខវិជ្ជា រូបវិទ្យា), ទី៥). មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ (សម្រាប់មុខវិជ្ជា គីមីវិទ្យា) ទី៦).មណ្ឌលកំណែ វិទ្យាល័យទូលទំពូង (សម្រាប់មុខវិជ្ជាជីវវិទ្យា),ទី៧).មណ្ឌលកំណែ វិទ្យាល័យ ជាស៊ីមបឹងកេងកង (សម្រាប់មុខវិជ្ជា ភូមិវិទ្យា), ទី៨). មណ្ឌល កំណែ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ (សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា), ទី៩).មណ្ឌលកំណែ វិទ្យាល័យជាស៊ីមសន្ធរមុក (សម្រាប់មុខវិជ្ជា សីលធម៌ -ពលរដ្ឋវិជ្ជា) និង ទី១០).មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក (សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា)។ កិច្ចការបេក្ខជននីមួយៗ នឹងត្រូវកែដោយអ្នកកែពីរនាក់ដាច់ខាត ដោយគោរពតាមអត្រាកំណែដែលគណៈមេ ប្រយោគបានសម្រេច ស្របតាមយន្តការ និងនីតិវិធីកំណែដាក់ចេញដោយក្រសួង។ ចំណែកឯ កិច្ចការបេក្ខជនពិការភ្នែក ត្រូវធ្វើកំណែពិសេសដោយគ្រូ បង្រៀនសិស្សពិការភ្នែក ទៅតាមអត្រាកំណែដោយឡែក។
ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផលឆ្លើយតបនឹងគោលការណ៍ “អ្នកចេះគឺជាប់” បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុម ការងារ ឱ្យបន្ថែមការយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើរបៀបរៀបរយនៃការៀបចំសន្លឹកកិច្ចការប្រឡងរបស់បេក្ខជន ដោយត្រូវរៀបតាមលំដាប់លំដោយ រួចកិបឱ្យជាប់ ចុះអក្សរសម្ងាត់ និងលេខរៀងបន្តឱ្យបានត្រឹមតែ មុនកាត់ក្បាលសន្លឹកកិច្ចការយកទៅកែ ពង្រឹងយន្តការផ្ទៀតផ្ទាត់លទ្ធផលកំណែ និងមានការដាក់ទោសទណ្ឌប្រសិនបើរកឃើញកំហុសក្នុងការអនុវត្តការងារ ព្រម ទាំងបានគូសបញ្ជាក់ថា មិនអនុញ្ញាតឱ្យបញ្ចប់ការកែមុនពេលកំណត់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែរហូតដល់ម៉ោងចេញទៅផ្ទះ ដើម្បីបង្ការការថតបង្ហោះ និងការប្រើប្រាស់ទូរស័ព្ទរំខានដល់ដំណើរការកំណែ។
ជាថ្មីម្ដងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយដែលបានផ្តល់កិច្ចសហការប្រកប ដោយការទទួលខុសត្រូវខ្ពស់តាំងពីចាប់ផ្តើមការប្រឡងរហូតមកដល់ពេលនេះ និងសូមជំរុញលើកទឹក ចិត្តឱ្យក្រុមការងារបច្ចេកទេសបន្តខិតខំប្រឹងប្រែងសហការចែករំលែកបទពិសោធគ្នាដើម្បីជំរុញឱ្យដំណើរការកំណែ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងជោគ ជ័យ ដោយបានរំលេចថា ឆ្នាំនេះក្រសួងនឹងផ្ដល់ពាន រង្វាន់មណ្ឌលកំណែគំរូ សម្រាប់លេខ១ លេខ២ និងលេខ៣៕
ដោយ៖ សូរិយា