ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ត​ព្រះសីហនុ​ មានគម្រោងបង្កើតរោងចក្រកែច្នៃសំណល់ផ្លាស្ទិក ទៅជាប្រេងឥន្ធនៈអាចប្រើប្រាស់បាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយលោក Kim Jung Hwan នាយកប្រតិបត្តិក្រុមហ៊ុន DAEHAN Corporation ប្រទេសកូរ៉េ ដែលមានបំណងមកកែច្នៃសំណល់ប្លាស្ទិក ទៅជាឥន្ធនៈ នៅទីលានចាក់សំរាមស្រុកព្រៃនប់កាលពីម្សិលមិញនេះ​។ 

សូមជម្រាបថា បច្ចុប្បន្ន ទីលានចាក់សំរាមអូរតាសេក ស្រុកព្រៃនប់ ទទួលសំរាមប្រមាណជា ៦០០-៧០០តោនក្នុងរយៈពេលថ្ងៃ។

គួររម្លឹកថា​ លោក ឡុង ឌីម៉ង់​ កាលពីថ្ងៃទី​០៩​ ខែតុលា​ថ្មីៗ​នេះ​ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនគម្រោងវិនិយោគ៣ នៅខេត្តព្រះសីហនុ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍​ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព នៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។ 

ជាលទ្ធផលបឋម សំណើសុំគោលការណ៍វិនិយោគរោងចក្រផលិតគ្រឿងបង្គុំឧបករណ៍លោហៈធាតុ, រោងចក្រកែច្នៃផ្លែឈើ, និង រោងចក្រកែច្នៃឈើដាំ សរុបទុនវិនិយោគចំនួន ជាង ១៦លានដុល្លារអាមេរិក ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ៕

ដោយ​៖ តារា​


ចែករំលែក៖