សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថាកាលពីថ្ងៃសុក្រសប្តាហ៍នេះ ពានរង្វាន់ណូបែលសន្តិភាព បានទៅលើក្រុមប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរជប៉ុន Nihon Hidankyo ដែលជាចលនាមួយបង្កើតឡើង ដោយក្រុមអ្នករួចរស់ជីវិតពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៉ីរ៉ូស៉ីម៉ា និងទីក្រុងណាហ្កាសាគី កាលពីសម័យសង្រ្គាមលោកលើកទី២។
លោក Jorgen Watne Frydnes ប្រធានគណៈកម្មាធិការណូបែលន័រវែសនៅទីក្រុងអូស្លូ បាននិយាយថា ក្រុម Nihon Hidankyo ដែលបង្កើតឡើងកាលពីឆ្នាំ១៩៥៦ ត្រូវបានជ្រើសរើសជា ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៤ សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបានពិភពលោកមួយ ដែលមានគ្មានអាវុធនុយក្លេអ៊ែរ និងសម្រាប់ការបង្ហាញឱ្យឃើញផ្ទាល់ តាមរយៈការឆ្លងកាត់បទពិសោធជាក់ស្តែងថា អាវុធនុយក្លេអ៊ែរដាច់ខាត មិនត្រូវប្រើប្រាស់ម្តងទៀតឡើយ។
ទន្ទឹមគ្នានេះ គណៈកម្មាធិការណូបែលន័រវែស ក៏បានបង្ហាញក្តីបារម្ភផងដែរថា បម្រាមអន្តរជាតិស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍឡើង ដើម្បីជាការឆ្លើយតប ចំពោះការវាយប្រហារដោយគ្រាប់បែកបរមាណូ កាលពីខែសីហា ឆ្នាំ១៩៤៥ បាននិងកំពុងស្ថិតក្រោមសម្ពាធ។ លោក Frydnes បានលើកឡើងដូច្នេះថា «ពានរង្វាន់ឆ្នាំនេះ គឺជាពានរង្វាន់មួយ ដែលផ្តោតលើភាពចាំបាច់នៃការប្រកាន់ខ្ជាប់ នូវបម្រាមប្រើប្រាស់នុយក្លេអ៊ែរនេះ ហើយពួកយើងទាំងអស់គ្នា សុទ្ធតែមានការទទួលខុសត្រូវ ជាពិសេសនោះ គឺក្រុមប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា ពានរង្វាន់ណូបែល នឹងត្រូវប្រគល់ឱ្យម្ចាស់ជ័យលាភី ក្នុងពិធីផ្លូវការមួយ រៀបចំឡើងនៅទីក្រុងអូស្លូ នាថ្ងៃទី១០ ខែធ្នូ ត្រូវនឹងខួបមរណភាពកាលពីឆ្នាំ១៨៩៦ របស់ស្ថាបនិកកម្មវិធីនេះ គឺលោក Alfred Nobel ដែលជាជនជាតិស៊ុយអែត។ ណូបែលសន្តិភាព គឺជាពានរង្វាន់ណូបែលតែមួយគត់ ដែលត្រូវប្រកាសនៅទីក្រុងអូស្លូ ខណៈពានណូបែលសម្រាប់ប្រភេទផ្សេងទៀត ប្រកាសនៅទីក្រុងស្តុកខុលរបស់ស៊ុយអែត។ ម្ចាស់ជ័យលាភីណូបែល ទទួលបានមេដាយមាសមួយ ប័ណ្ណកិត្តិយសមួយ និងប្រាក់រង្វាន់១លានដុល្លារអាមេរិក៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN