ភ្នំពេញ ៖ ជំនួបទ្វេភាគីកម្ពុជា-កាណាដា លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានជម្រាបជូន សម្តេចធិបតី ថា កាណាជាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ខណៈកម្ពុជាក៏នឹងគ្រោងបើកស្ថានឯកអគ្គរាជទូតនៅប្រទេសកាណាដាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូត។
ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្មវិញ កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្មមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត។ កាណាដា គឺជាដៃគូពាណិជ្ជកម្មទ្វេភាគី
លំដាប់ទី៧ របស់កម្ពុជា ដោយបានបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ដោយ ៖ សិលា