ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបាក់១កង់រួចក្រឡាប់ទៅសង្កត់ឡំប្រឺតា​ រងការខូចខាត

ចែករំលែក៖

​     ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងចុះពីលើស្ពានក្បាលថ្នល់ក្នុងល្បឿនលឿន ដោយខ្វះការប្រយ័ត្នក៏រេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបាក់១កង់ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងសង្កត់ទៅលើម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នារងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង១២នាទីយប់ត្រូវនិងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចអគារព្រីនផ្លាហ្សា ស្ថិតតាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុមានរថយន្ដមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2O-5509 បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានក្បាលថ្នល់ឆ្ពោះមកផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងមកជើងដោយល្បឿនលឿន ខណះពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងផងនោះពេលធ្វើដំណើរដល់ចំនុចមុខអគារព្រីនផ្លាហ្សា ដោយបើកខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបាក់១កង់ បណ្ដាលអោយរថយន្ដក្រឡាប់ផ្ងារជើងទៅសង្កត់ទៅលើឡំប្រឺតាមួយគ្រឿងទៀតពណ៌ស លាយខ្មៅពាក់ផ្លាកលេខតាកែវ 1U-3306 ដែលកំពុងធ្វើដំណើរស្របទិសគ្នារងការខូចខាតយ៉ាងដំណំ តែសំណាងល្អហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កអោយមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុម្ចាស់រថយន្ដបង្កមិនគេចខ្លួននោះទេបានចុះមកដោះស្រាយជាមួយម្ចាស់ឡំប្រឺតាសងថ្លៃការខូចខាតរួច តែដោយសារក្នុងករណីនេះបានធ្វើអោយខូចខាតក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរដ្ឋ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖