ខេត្តបាត់ដំបង៖ បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឱ្យដឹងថា បាតុភូតរន្ទះបាញ់ បានសម្លាប់ស្រ្តីម្នាក់នៅលើភ្លឺស្រែ ខណៈដែលរូបគាត់កំពុងដើរឃ្វាលគោនៅកណ្ដាលវាលស្រែក្រោមតំណក់ទឹកភ្លៀង។
ករណីបាតុភូតរន្ទះបាញ់នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចក្រុមទី៣ ភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
យោងតាមការលើកឡើងពីក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចមូលដ្ឋានថា៖ នៅមុនពេលកើតហេតុ គឺកូនស្រីរបស់គាត់ឈ្មោះ ខេង អាយុ៣០ឆ្នាំ រស់នៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ បានចេញទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើ គាប់ជួនពេលនោះក៏ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ហើយស្នូររន្ទះក៏បានបាញ់លាន់ឮក៏ក្រើក ទីបំផុតទើបដឹងថាកូនស្រីរបស់ពួកគាត់ត្រូវរន្ទះបាញ់ស្លាប់នៅកណ្ដាលភ្លឺស្រែ។
គួរបញ្ជាក់ថា ក្រោយកេីតហេតុកម្លាំងជំនាញផ្នែកកោសល្យវិច័យ បានចុះទៅពិនិត្យសព និងតាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព ទើបសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ តារា