ខេត្តបន្ទាយមានជ័យ៖ លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជើងខ្លាំងវ៉ៃប្រពន្ធ រហូតប្រពន្ធទ្រាំលែងបានក៏ប្ដឹងកម្លាំងកងរាជអាវុធហត្ថ ចុះឃាត់ខ្លួនជនដៃដល់រូបនេះ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា៖ ជនដៃដល់មានឈ្មោះ ចាន់ រើន ភេទប្រុសអាយុ៣៥ឆ្នាំ(គ្មានមុខរបបពិតប្រាកដ)រស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។
ប្រភពដដែលបន្តថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ម៉ុញ ធារី ភេទស្រីអាយុ៣៦ឆ្នាំ(ត្រូវជាប្រពន្ធ)បានប្តឹងឈ្មោះ ចាន់ រើន (ជាប្តី) បានប្រើអំពើហឹង្សាទៅលើខ្លួនជាញឹកញ៉ាប់នៅពេលសុំលុយទិញគ្រឿងញៀនប្រើប្រាស់មិនបាន វ៉ៃធ្វើបាបប្រពន្ធនិងកូនស្ទើរាល់ថ្ងៃដែលមិនអាចទ្រាំទ្របានទើបប្តឹងទៅទីបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែតុលាម្សិលមិញនេះ នៅចំណុចភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួនជនដៃដល់ជាប្តីនាំយកទៅសាកសួរនិងធ្វើតេស្តរកឃើញប្រើប្រាស់សាធាតុញៀន ហើយក៏បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា