ខេត្តត្បូងឃ្មុំ៖ ភ្លៀងមួយមេយ៉ាងធំ លាយឡំដោយខ្យល់កន្ត្រាក់បានបក់បោកមកលើស្រុកចំនួន២ គឺស្រុកពញាក្រែក និងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ បណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា៦០ខ្នងបានទទួលរងការខូចខាតរបើកដំបូល បាក់សំយាបផ្ទះ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។
នេះបើយោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតីប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤ថា មានភ្លៀង១មេធំបានបង្អុរធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់មកលើភូមិឋានរបស់ប្រជាពលរដ្ឋក្នុងនោះរួមមាន៖ ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួនសរុប៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាល ចំនួន២៤ខ្នងផ្ទះស្ថិតនៅក្នុងភូមិ៖ ១.ភូមិអង្គលើ២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង០៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ១២ខ្នងផ្ទះ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តឱ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់ចុះមកនេះគឺពិតជាកម្រជួបប្រទះនាពេលកន្លងទៅដោយលាយឡំខ្យល់កន្ត្រាក់ខុសប្លែកពីធម្មតាគឺភ្លៀងប្រហែលមួយម៉ោងឯណោះ។ បន្ទាប់ពីភ្លៀងរាំង មេភូមិបានរាយការណ៍ជូនរដ្ឋបាលមូលដ្ឋានឱ្យបានដឹងពីហេតុការណ៍ខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ។
ចំណែកលោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានប្រាប់ឱ្យដឹងដែរថា នៅល្ងាចម្សិលមិញ ក៏មានខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតផ្ទះចំនួន១២ខ្នង និងសួនកីឡារបស់សាលារៀន១ រលំ២ខ្នងផ្ទះ និងរលំសួនកីឡាសាលារៀន១ របើកដំបូល១០ខ្នងផ្ទះ ។
ក្រោយពីទទួលបានព័ត៌មាននេះពីលោកមេឃុំដំរិល រូបលោកបាននាំយកអំណោយកាកបាទក្រហមទៅចែកជូនដល់ពលរដ្ឋរងគ្រោះផងដែរ ជាមួយគ្នានោះអាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋដែលមានផ្ទះតូចមិនធានាសុវត្ថិភាពពេលដែលមានភ្លៀងធ្លាក់ត្រូវរកកន្លែងជ្រកកោននៅផ្ទះអ្នកជិតខាង ជៀសវាងបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕
ដោយ៖ ជ្រោយពេជ្រ