សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថាស្នងការសិទ្ធិមនុស្សរុស្ស៉ី លោកស្រី Tatyana Moskalkova បាននិយាយថា ប្រជាជនប្រហែល៣០,៤១៥នាក់ ក្នុងនោះរួមមានកុមារជិត៨,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលស្ថិតនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ដោយសារតែការបាញ់ផ្លោងនិងការវាយប្រហារផ្សេងៗ។
លោកស្រី Moskalkova បានបន្ថែមទៀតថា អ្នកជម្លៀសខ្លួនទាំងនោះត្រូវបានដាក់ឱ្យស្ថិតនៅតាមមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន ជិត១,០០០កន្លែង នៅពាសពេញប្រទេសរុស្ស៉ី។ អ៊ុយក្រែនដែលកំពុងបន្តស្ថិតក្រោមសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក បានធ្វើសកម្មភាពសងសឹកតបតទៅវិញ តាមរយៈការបាញ់ផ្លោង និងការវាយប្រហារក្នុងទម្រង់ផ្សេងៗ លើតំបន់ព្រំដែនរបស់រុស្ស៉ី។ កាលពីខែសីហា កងកម្លាំងអ៊ុយក្រែន បានវាយលុកចូលតំបន់ Kursk នៅភាគខាងលិចរុស្ស៉ី។
ភាគីទាំងសងខាងបានបដិសេធ កំណត់គោលដៅវាយប្រហារលើជនស៉ីវិល ប៉ុន្តែប្រជាជនរាប់ពាន់បានបាត់បង់ជីវិត ក្នុងសង្រ្គាម ខណៈភាគច្រើនជាជនជាតិអ៊ុយក្រែន។ បើតាមលោកស្រី Moskalkova លោកស្រី បានចុះសួរសុខទុក្ខឈ្លើយសឹកអ៊ុយក្រែនជាង២,០០០នាក់ នៅរុស្ស៉ី ហើយការចុះសួរសុខទុក្ខស្រដៀងគ្នា ក៏ត្រូវបានធ្វើឡើងផងដែរ ដោយសមភាគីរបស់លោកស្រី នៅអ៊ុយក្រែន ចំពោះអ្នកទោសសង្រ្គាមរុស្ស៉ី៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច