ខេត្តមណ្ឌលគិរី ៖ ប្រភពអាចយកជាផ្លូវការបានបង្ហើបថា ៖ មកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ យ៉ាងហោចណាស់ មានរយៈពេល៨ជើងមកហើយ គឺមានឈ្មួញបានសហការជាសមត្ថកិច្ចលួចដឹកជញ្ជូនវល្លិល្មៀត ឆ្លងដែនទៅវៀតណាមតាមច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ក្នុង១ថ្ងៃដឹកចាប់ពី២ឡាន ទៅ៤ឡាន ប៉ុន្តែមានចន្លោះថ្ងៃខកខាន ចេញដំបូងនៅព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយអាចចេញយប់នេះ ប្រសិនបើសមត្ថកិច្ចយោគយល់ !
បើតាមឱ្យដឹង គឺមានឈ្មួញឈ្មោះ ឆុង ជាទាហាន ហើយអ្នករត់ការឈ្មោះផល ជានាយនគរបាល ! ។ ទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបដិសេធទាំងស្រុង ហើយអះអាងថា ៖ គ្មានការដឹកជញ្ជូនវល្លិល្មៀត ពិសេសលោកថាខេត្តមណ្ឌលគិរី មានវល្លិល្មៀតមកពីណា ? តាមប្រព័ន្ធតេឡេក្រាមជាមួយ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នាព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ត្រង់ជម្រាបសួរថា ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ៖ សូមជម្រាបសួរឯកឧត្តមស្នងការ ! តាមរយៈព័ត៌មានបឋមដែលអង្គភាពខ្ញុំទទួលបាន គឺក្នុងរយៈពេល៧ទៅ៨ថ្ងៃនេះ មានករណីឡានដឹកវល្លិល្មៀត ឆ្លងទៅវៀតណាមតាមច្រកដាក់ដាំ ហើយក្នុងករណីនេះ ឮថាម្ចាស់ឈ្មោះឆុង ចំណែកអ្នករត់ការឈ្មោះផល តើបងមានបានទទួលព័ត៌មានក្នុងករណីនេះពិតមែនឬទេ ? ភ្លាមៗនោះ លោកស្នងការបានឆ្លើយថា, ចាំខ្ញុំឆែកមើលសិន ! ក្រោយមកទៀតលោកស្នងការ បានធ្វើការពន្យល់ថា ខេត្តមណ្ឌលគិរី មានវល្លិល្មៀតមកពីណា ? បើខាងអ្នកសារព័ត៌មាន បានដឹង ឈានដល់ខ្ញុំចាប់បាន ខ្ញុំសូមជូនរង្វាន់ក្នុងមួយឡាន ១លានរៀល ! លោកស្នងការបន្តថា កុំជឿព័ត៌មានដែលពួកគេបានព្យាយាមបំភ្លៃការពិត។
សូមបញ្ជាក់ថា , មិនបានកន្លះម៉ោងផង លោកស្នងការ ក៏បានលុបឆាតការឆ្លើយឆ្លងបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមចោល ។
សូមជម្រាបជូនថា , សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ ទាំងបីស្ថាប័ន ក៏ដូចជាអង្គភាពមន្ទីរនានាចំណុះឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ធ្លាប់បានលើកឡើងថា , លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ពង្រឹងនិងចេញបញ្ជាដាច់ខាត មិនឱ្យមានការចរាចរណ៍បទល្មើសធនធានធម្មជាតិដាច់ខាត លោកមានការទទួលខុសត្រូវខ្ពស់ ក្នុងករណីជំរុញឲ្យសមត្ថកិច្ចស្ថាប័នគ្រប់ជំនាញ អាជ្ញាធរ យកចិត្តទុកដាក់បង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យខានតែបាន ។
ដោយឡែកលោកវរសេនីយ៍ទោ យូ សុធា មេប៉ុស្តិ៍ទ្វេភាគីដាក់ដាំ មិនអាចធ្វើការទំនាក់ទំនងបាន ដោយទូរស័ព្ទត្រូវបានបិទ ឬក្រៅតំបន់សេវា ៕
ដោយ ៖ សុខ ខេមរា