ព័ត៌មានទាន់ហេតុការណ៍៖

លោតទឹកបញ្ចប់ជីវិតខ្លួនឯងសង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ បានលោតទឹកបញ្ចប់ជីវិតខ្លួនឯងក្នុងទន្លេ លុះមួយថ្ងៃក្រោយមកទើបរកសាកសពឃើញ ។ ករណីនេះបានកើតឡើងនៅថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ២០២៤ វេលាម៉ោង០២និង០០នាទី នៅចំណុចក្នុងទឹកទន្លេបាសាក់ ស្ថិតនៅ​ភូមិ​ព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ 

   មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ ​ឃុំ ធុច ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុក​ស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះហ៊ន ណៃសៀន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ប្រពន្ធរបស់​ជនរងគ្រោះ​បាន​ឱ្យសមត្ថកិច្ច​ដឹងថាកន្លងមកជនរងគ្រោះត្រូវជាប្ដីតែងតែត្អូញត្អែរប្រាប់គាត់ថាក្នុងខ្លួនមានការចុកចាប់ឈឺពេញខ្លួនហើយតែងតែក្អកស្លេះនៅពេលយប់ជាប្រចាំ ហើយឈ្មោះធុច ស៊ូម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរក្នុងបន្ទុកត្រូវជាកូនបង្កើតមានជំងឺសរសៃប្រសាទតែងតែរករឿងមាត់ធំមាត់តូចដាក់គាត់ជារៀងរាល់ថ្ងៃទៀត ហើយជនរងគ្រោះចេះតែរអ៊ូរទាំប្រាប់គាត់ជាប្រពន្ធជារឿយៗថាជីវិតគាត់ប្រហែលជិតចប់ហើយ។ មកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទី​ ក្រោយពីហូបបាយជុំគ្នារួច ជនរងគ្រោះបានចូលសម្រាកជាមួយគាត់ជាប្រពន្ធដូចសព្វដង ហើយមកដល់ម៉ោង០២និង០០ឆ្លងចូលថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ២០២៤​រូបគាត់ជាប្រពន្ធបានភ្ញាក់ពីដំណេកមិនឃើញជនរងគ្រោះជាប្ដីឃើញតែស្បែកជើងរបស់គាត់នៅក្នុងបន្ទប់គាត់ជាប្រពន្ធបានដាស់កូនៗរបស់គាត់ឱ្យជួយស្រែកហៅនិងដើរស្វែងរកឪពុកតែរកមិនឃើញ។ រូបគាត់ជាប្រពន្ធ​បានរាយការណ៍ប្រាប់ក្រុមគ្រួសារនិងសមត្ថកិច្ចថា ការបាត់ខ្លួនរបស់ប្ដីគាត់ប្រហែលជាគាត់លោតទឹកទន្លេបាសាក់សម្លាប់ខ្លួនហើយព្រោះផ្ទះគាត់នៅជាប់ច្រាំងទន្លេបាសាក់ស្រាប់រួមផ្សំនឹងការត្អូញត្អែររបស់គាត់កន្លងមករហូតមកដល់បច្ចុប្បន្នថាជីវិតគាត់ប្រហែលជិតចប់ហើយ។

   លុះមកដល់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤វេលាម៉ោង១៣និង១៩នាទីក៏មានអ្នកបណ្ដែតមងនេសាទត្រីរាយការណ៍ប្រាប់សមត្ថកិច្ចថាបានប្រទះឃើញសពអណ្ដែតទឹកក្នុងទន្លេបាសាក់ត្រើយខាងកើតស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ រួចសមត្ថកិច្ចក៏បានជូនដំណឹងមកក្រុមគ្រួសារជនរងគ្រោះទើបដឹងថាសពរូបនោះពិតជាជនរងគ្រោះដែលបានបាត់ខ្លួនដូចការរៀបរាប់របស់ប្រពន្ធជនរងគ្រោះខាងលើប្រាកដមែន។

ការសន្និដ្ឋាន យោងតាមការពិនិត្យរបស់លោកគ្រូពេទ្យនិងជំនាញ សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ដោយសារ​លង់ទឹក​​។ សាកសពបានប្រគល់ជូន​ក្រុម​គ្រួសារ​យកទៅធ្វេីបុណ្យតាម​ប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖