ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថាកងទ័ពបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានានិងថែរក្សា ចីរភាព និរន្តរភាពនៃសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖   ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កងទ័ពបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានានិងថែរក្សា ចីរភាព និរន្តរភាពនៃសុខសន្តិភាព តាមរយៈការទប់ស្កាត់នូវការប៉ុនប៉ងទាំងឡាយ ដែលអាចធ្វើឱ្យប្រទេសបែកបាក់ ខណៈចុងក្រោយនេះ គឺការប្រុងប្រៀប និងចង់ជំរុញព្រឹត្តិការណ៍ ថ្ងៃ១៨សីហា ដែលដុតដោយក្រុមជ្រុលនិយមមួយចំនួនតូច ដែលចង់យកឱកាសនៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ រឿងទឹកដី ពាក់ព័ន្ធនឹងCLV DTA ដើម្បីរុញឱ្យប្រទេសឆេះ។

   សម្ដេចធិបតីបានបន្តថា ស្នេហាជាតិ ស្មារតីជាតិនិយម គឺជាកិច្ចការល្អដែលត្រូវមានទាំងអស់គ្នា ទស្សនៈខុសគ្នា ប៉ុន្តែការបារម្ភអំពីជាតិ គឺត្រូវគោរព។ ក្នុងនោះ កងទ័ពគឺជាអ្នកដែលចូលរួមការពារទឹកដី ថែរក្សាសុខសន្តិភាព បើទោះបីជាត្រូវគែជេរប្រមាថថាក្បត់ជាតិក៏ដោយ ប៉ុន្តែយើងមានមហិច្ឆតារបស់យើង មិនឱ្យភ្លើងសង្គ្រាមឆេះឡើង តាមរូបភាពតិចៗ ការធ្វើឱ្យបាត់បង់នូវទំនុកទុកចិត្ត ហើយ១៨សីហា ប្រសិនបើ ទប់មិនជាប់អាចធ្វើឱ្យបែកបាក់សាមគ្គីសាមគ្គី ឯកភាពជាតិ ដោយមនុស្សមួយក្រុមតូចឆ្លៀតឱកាស។ 

  សំឡេង៖  « ស្មារតីជាតិនិយម និងស្មារតីស្នេហាជាតិដែលយើងទាំងអស់គ្នាត្រូវតែមាន ប៉ុន្តែស្មារតីជាតិនិយម ដែលជ្រុលនិយមដែលយើងហៅថាស្មារតីជាតិនិយមជ្រុលនោះ ក្នុងការធ្វើសកម្មភាពហិង្សាប្រឆាំងរដ្ឋអំណាច ប្រឆាំងកងកម្លាំងប្រដាប់អាវុធនៅទីនោះ ត្រៀមសម្ភារៈ ត្រៀមអាវុធ ត្រៀមគ្រាប់បែក និង ដ្រូនជាដើម ដែលការធ្វើផែនការបែបនេះ សមត្ថភាព លទ្ធភាពពិតយ៉ាងណាយើងមិនទាន់ដឹង។ ចេតនានិងការកៀងគររៀបផែនការនេះ គឺបង្ហាញអំពីភាពជ្រុលនិយម ដែលកងកម្លាំងប្រដាប់អាវុធរបស់យើង បានចូលរួម នៅក្នុងការទប់ស្កាត់ មិនឱ្យប្រទេសយើងឆេះ ហើយអាចធានាបាននូវស្ថិរភាព  ដែលអាចឱ្យយើងប្រារព្ធពិធីនៅថ្ងៃនេះ  ។»

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអរគុណ ទៅដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការ អនុវត្តច្បាប់ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខជាតិមិនឱ្យបែកបាក់ មិនឱ្យឈានទៅដល់ការរង្គោះរង្គើ ធានានូវសុខ ស្ថិរភាពជូនប្រជាពលរដ្ឋ អាចប្រកបរបរចិញ្ចឹមជីវិត ប្រារព្ធពិធីផ្សេងៗដើម្បីជួយសេដ្ឋកិច្ចជាតិ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា «សន្តិភាពដូចខ្យល់ យើងមើលមិនឃើញ អត់មានគិតលុយទេគឺ Free ប៉ុន្តែនៅជុំវិញខ្លួនយើង គឺមានតែខ្យល់ទេ ដែលមានតម្លៃធំបំផុត ហើយយើងដឹងតម្លៃខ្យល់នៅពេលណា គឺនៅពេលខ្យល់បានអវត្តមាន»។

ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ចាប់តាំងពីរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ សង្គ្រាមបានផ្ទុះឡើងរវាងខ្មែរ និងខ្មែរ ហើយកម្ពុជាក៏ស្គាល់នូវរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយជ័យជំនះ៧មករា កម្ពុជាក៏នៅមិនទាន់បានសន្តិភាពពេញលេញនៅឡើយ ដោយប្រទេសកម្ពុជាមួយមានកម្លាំងត្រួតត្រា៤ ជាពិសេសកម្លាំងខ្មែរក្រហម។ បន្ទាប់មក ក្រោយដាក់ចេញគោលនយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន ទើបកម្លាំងខ្មែរក្រហមត្រូវបានរំលាយ ហើយកម្ពុជាស្គាល់នូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «សន្តិភាពដូចគ្នា សន្តិភាព យើងអាចលឺ យើងអាចស្តាប់ អ្នកខ្លះរហូតដល់ធុញដោយការលើកឡើងថា យើងបានសន្តិភាព២០ឆ្នាំ អវត្តមាននៃសង្គ្រាមនៅលើទឹកដីរបស់យើង ប៉ុន្តែតម្លៃរបស់វា គឺនៅពេលដែលវាបាត់បង់ទៅវិញ»។

សម្តេចជំរុញឱ្យអ្នកដែលមិនយល់ពីសន្តិភាព សាកសួរទៅមនុស្សចាស់ជំនាន់មុន ដែលបានឆ្លងកាត់សង្រ្គាមថា តើសន្តិភាពមានតម្លៃយ៉ាងណា? សម្តេចក៏បានលើកឡើងដែរថា យុវជនដែលកើតជំនាន់ក្រោយឆ្នាំ១៩៩៨ អាចមិនយល់ពីសន្តិភាព ប៉ុន្តែសន្តិភាពមានតម្លៃដូចគ្នាសម្រាប់មនុស្សគ្រប់វ័យ គ្រប់ជំនាន់ មិនថាសាសនាណា ឬរស់នៅទីណា ក្រុងឬខេត្ត កងទ័ព ឬស៊ីវិលនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖