អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាការងារជាមួយលោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅទីស្តីការនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ។
ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកទំនាក់ទំនងរវាងចិននិងប៉ាគីស្ថានជាអាទិភាពក្នុងកិច្ចការទូតរបស់ខ្លួន ហើយរីករាយរួមសហការជាមួយភាគីប៉ាគីស្ថានដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏ដូចជាពន្លឿនការកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថានដែលមានភាពកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ។
លោក Li Qiang បានលើកឡើងបន្តថា ប្រទេសចិនរីករាយធ្វើការជាមួយភាគីប៉ាគីស្ថានដើម្បីពន្លឿនការកសាងគម្រោងសំខាន់ៗក្នុងវិស័យផ្លូវដែក ផ្លូវថ្នល់និងកំពង់ផែជាដើម ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យដូចជាកសិកម្ម ឧស្សាហកម្មរ៉ែ ព័ត៌មានវិទ្យានិងថាមពលជាដើមដើម្បីធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអាចផ្តល់ផលប្រយោជន៍កាន់តែទូលំទូលាយជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក Muhammad Shahbaz Sharif បានថ្លែងថា ភាគីប៉ាគីស្ថានរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយភាគីចិនដើម្បីបង្កើតរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានទម្រង់ថ្មី ពន្លឿនការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធគមនាគមន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគ កសិកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឧស្សាហកម្មរ៉ែនិងថាមពលកកើតឡើងវិញជាដើម ក្នុងន័យបន្តជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថានដែលមានភាពកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ៕
ដោយ ៖ សិលា