ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគសេដ្ឋកិច្ចអន្តរជាតិ ៖ និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  “ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន ៣២,៣៣ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនដោយនឹងនរដែលលើសពីការប៉ាន់ប្រមាណ វាគឺបានមកដោយមិនងាយទេ ។

    គេហទំព័រ «CCFR China state-controlled media » លើកថា ៖ គួរបញ្ជាក់ផងដែរថា ក្នុង “តារាងពិន្ទុ”នេះបានលេចចេញពាក្យ“លើកដំបូង”ចំនួនពីរ មួយគឺក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលបានបំបែកកំណត់ត្រាចំនួន៣២ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ មួយទៀត គឺទំហំពាណិជ្ជកម្មនាំចេញនាំចូលក្នុងត្រីមាសនីមួយៗសុទ្ធតែបានលើសពី១០ទ្រីលានយាន់ប្រាក់ចិន ព្រមទាំងលេចចេញនិន្នាការកើនឡើងពីមួយត្រីមាសទៅមួយត្រីមាស នេះក៏ជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រផងដែរ ។

     គេហទំព័រ «CCFR China state-controlled media » ថា ៖ តើសមិទ្ធផលបែបនេះគឺទទួលបានមកពីណា? បើមើលពីក្នុងស្រុកអាចឃើញថា គឺទទួលបានដោយមកពីខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មផលិតកម្មដែលមានភាពល្អពេញលេញ ប្រសិទ្ធភាពនៃសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយមធ្យមនិងធំ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ផលិតផលរបស់ចិនមានកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដែលបានផ្តល់មូលដ្ឋានគ្រឹះនិងការធានាដល់ការត្រួសត្រាយទីផ្សារអន្តរជាតិជាបន្តបន្ទាប់។

    បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា នាពេលថ្មីៗកន្លងទៅនេះ តម្រូវការអន្តរជាតិបានងើបឡើងវិញ ប្រការនេះបានផ្តល់លក្ខខណ្ឌអនុគ្រោះដល់ការនាំចេញរបស់ប្រទេសចិន ។ ប៉ុន្មានថ្ងៃជាប់មកនេះ របាយការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោកបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃបរិមាណពាណិជ្ជកម្មទំនិញពេញមួយឆ្នាំ អង្គការអន្តរជាតិ ដូចជាធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម សម្គាល់ឃើញថា សេដ្ឋកិច្ចសកលកំពុងមានភាពនឹងនរជាបណ្តើរៗ ។ ក្រោមបរិបទបែបនេះ ក្នុងបីត្រីមាសដើមឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិនទៅកាន់ទីផ្សារប្រពៃណី ដូចជាអឺរ៉ុប អាមេរិកនិងជប៉ុនជាដើម បានកើនឡើង៤,២ភាគរយ រីឯការនាំចេញរបស់ប្រទេសចិនទៅកាន់ទីផ្សារងើបឡើងថ្មី ដូចជាអាស៊ាន និងអាមេរិកឡាទីនជាដើមបានកើនឡើង១២,៣ភាគរយនិង១៣,៧ភាគរយដោយឡែកពីគ្នា ។      

    គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ពាក្យ “លើកដំបូង”ទាំងពីរក្នុងពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន មិនត្រឹមតែបានបង្ហាញឱ្យឃើញនូវកំណើនដោយនឹងនរនិងការលើកកម្ពស់គុណភាពរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ជូននូវផលិតផលចិនប្រកបដោយបច្ចេកវិទ្យាខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងកាន់តែច្រើនទៅកាន់ពិភពលោកទៀតផង ។

      ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានចែករំលែកទីផ្សារធំនិងឱកាសថ្មីជាមួយពិភពលោក តាមរយៈការពង្រីកការនាំចេញ ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំនាំចូលរបស់ប្រទេសចិនបានកើនឡើងពីមួយត្រីមាសទៅមួយត្រីមាស ពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង១៦០នៅលើពិភពលោកសម្រេចបាននូវកំណើនកើនឡើង ។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាភាគីនានាយ៉ាងសកម្ម ក្នុងន័យត្រួសត្រាយទីផ្សារនៃប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជានាំចូលផលិតផលប្រកបដោយគុណភាពខ្ពស់ ។

      ពាណិជ្ជកម្មជាមួយក្រៅប្រទេសជា “កញ្ចក់”ឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញ ពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន។

     ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាក្រុមហ៊ុនGoldman Sachsរបស់អាមេរិកជាដើមបានបញ្ជាក់ថា នឹងដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដោយយោងទៅលើវិធានការជំរុញសេដ្ឋកិច្ចនិងទីផ្សារដែលប្រទេសចិនបានដាក់ចេញនៅពេលថ្មីៗកន្លងទៅនេះ ។

បណ្តាភាគីនានាយល់ឃើញថា ប្រទេសចិននៅតែជាទីផ្សារដែលអ្នកវិនិយោគបរទេសមិនអាចលះបង់បាន ចិនជាកម្លាំងចលករដ៏សំខាន់ក្នុងការងើបឡើងវិញរបស់ពាណិជ្ជកម្មសកល ហើយក៏ជាក្បាលម៉ាស៊ីធំបំផុតនៃកំណើនសេដ្ឋកិច្ចសកលផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖