ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់កីឡាករអុំទូកទាំងអស់ ត្រូវថែទាំសុខភាព និងសុខសុវត្ថិភាពរបស់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្នុងពេលនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនទៅប្រគល់ជូនកីឡាករទូក ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់កីឡាករអុំទូកទាំងអស់ ត្រូវថែទាំសុខភាព និងសុខសុវត្ថិភាពរបស់ខ្លួន។

នាឱកាសនោះដែរ លោក អភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេច តែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋគ្រប់កាលៈទេសៈ។

លោក អភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជាក្រោយពីឆ្លងផុតនៅសង្គ្រាមស៊ីវិលជាយូរ ហើយពេលនេះគឺប្រទេសមានសន្តិភាពបានធ្វើឲ្យពលរដ្ឋមានភាពសប្បាយរីករាយ ហើយការអុំទូកថ្ងៃនេះគឺជាការចូលរួមចំណែករក្សាវប្បធម៌ប្រពៃណី បានបន្សល់ទុកពីដូនតាដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់ និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកម្សាន្ត សប្បាយរីករាយក្រោមម្លប់សន្តិភាព។

លោកអភិបាលខេត្ត បញ្ជាក់ថា កីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ សេចក្តីថ្លៃថ្នូរបស់កីឡាករ ពិសេសត្រូវខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលយកនូវជ័យ ជំនះលើគូប្រកួត ប៉ុន្តែគិតគូរពីសុខភាព និងសុវត្ថិភាព ការឈ្នះចាញ់គឺជារឿងធម្មតាធ្វើយ៉ាងណាត្រូវសប្បាយរីករាយទាំងអស់គ្នា មិនប្រកាន់ឈ្លោះទាស់ទែងនោះឡើយ។

ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូកងនៅក្នុងខេត្តកំពង់ធំនេះក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក «ង» និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក «ង» នារសៀលម៉ោង ២នេះ ឲ្យបានច្រើនកុះករដើម្បីញ៉ាំងបរិយាកាសពិធីឲ្យសប្បាយរីករាយ ។

នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកអភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគដល់កីឡាករទូក ដែលមានបួនទីតាំងដោយឧបត្ថម្ភកីឡាករទូកក្នុងម្នាក់ថវិកា ២ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា ប្រភេទ ទូកដែលត្រូវប្រណាំងរយ:ពេល ២ថ្ងៃនេះ មានទូក ៣ប្រភេទ សរុបទូកចំនួន ៦៦ទូក ក្នុងនោះមានទូកផ្កាចារមានចំនួន១៦ទូក ទូកខ្នាតអន្តរជាតិមានចំនួន៤១ទូក និងទូកវែងចំនួន៩ទូក ដែលមានកីឡាករសរុបចំនួន២០៨០នាក់៕

ដោយ ៖ សិលា


ចែករំលែក៖