ព័ត៌មានទាន់ហេតុការណ៍៖

លោកមេធាវី សាំង វណ្ណៈ ជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៥

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមលទ្ធផលដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ទទួលបានក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោតនៅមុននេះបន្តិច ឃើញថា លោកមេធាវី សាំង វណ្ណៈ ទទួលបានសំឡេងដ៏ច្រើនលើសលប់រហូតដល់ទៅ ២១០៥ សំឡេងដែលស្មើនឹង ៧៤.៤៩% ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ២៨២៦នាក់។

មុនបោះឆ្នោតលោកបានលើកពី គោលនយោបាយដឹកនាំបេក្ខភាពគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៥ ឆ្នាំ២០២៤-២០២៦ បញ្ជាក់យ៉ាងដូច្នេះថា ៖ ខ្ញុំបាទមេធាវី សាំង វណ្ណៈ អត្តលេខ៣៥៧ ជាបេក្ខជនក្នុងបេក្ខភាពប្រធានគណៈ មេធាវី អាណត្តិទី១៥ ឆ្នាំ២០២៤-២០២៦ សូមប្រកាសនូវគោលនយោបាយ ៩ចំណុច សម្រាប់ការដឹកនាំ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ៖

១. ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

២. ពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីឱ្យមានបច្ចុប្បន្នភាព សង្គតិភាព និង ប្រសិទ្ធភាពនៃការអនុវត្ត ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងឧត្តមានុវត្តន៍។

៣. ពង្រឹងការអនុវត្តវិធានវិជ្ជាជីវៈ ការពារមេធាវីក្នុងការប្រកបវិជ្ជាជីវៈមេធាវី និងជម្រុញកិច្ចសហការ ដល់ការប្រកបវិជ្ជាជីវៈមេធាវីនៅគ្រប់ដំណាក់កាលនៃនីតិវិធី ជាពិសេសដំណាក់កាលមន្ត្រីនគរបាល យុត្តិធម៌ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ

៤. ពង្រឹងនិងពង្រីកយន្តការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពមេធាវី ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

៥. ពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីដោយឈរលើគោលការណ៍ត វីដោយឈរលើគោលការណ៍តម្លាភាព ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព និងឧត្តមភាពនៃវិជ្ជាជីវៈ។

៦. ពង្រីកទំនើបកម្មនិងបង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមការវិវឌ្ឍនៃសង្គមឌីជីថល។

៧. បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីផ្សព្វផ្សាយនិងពង្រីកវិសាលភាព ការងារជូនសហភាតា។

៨. អនុវត្តគោលនយោបាយសុខុមាលភាពជូនសហភាតានិងបុគ្គលិកគណៈមេធាវី។

៩. អនុវត្តគោលនយោបាយសំខាន់ៗរបស់គ្រប់អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖