ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គត្រូវបានឃាតកសម្លាប់ នៅក្នុងវត្តពុទ្រា សមត្ថកិច្ចខេត្តកំពុងស្រាវជ្រាវរកជនដៃដល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រះសង្ឃមួយអង្គត្រូវបានឃាតកយកវត្ថុរឹងវាយសម្លាប់ នៅក្នុងវត្តពុទ្រារាម(ហៅវត្តពុទ្រា) បង្កឱ្យមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យនិងស្រាវជ្រាវរកជនដៃដល់ដើម្បីចាប់ខ្លួន។

ចៅអធិការវត្តពុទ្រា ព្រះនាមឈឺន រុំ មានថេរដីកាថា នៅក្នុងវត្តពុទ្រានេះមានព្រះសង្ឃចំនួន៧០អង្គ ។ ដោយឡែកមានតែព្រះភិក្ខុ គាត សម្បត្តិមួយអង្គឯងគត់ ដែលធ្វើធុតុង្គ។ ព្រះចៅអធិការលោកជាប់រវល់ ព័ត៌មានលម្អិតឱ្យសួរទៅខាង សមត្ថកិច្ចបន្ត។

អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីនេះមិនទាន់ដឹងថាជាករណីអ្វីឱ្យពិតប្រាកដនោះទេ។ លោកទទួលបានព័ត៌មាននេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា ភិក្ខុសង្ឃដែលត្រូវបានឃាតកសម្លាប់នោះ ព្រះនាម គាត សម្បត្តិ ព្រះជន្ម៤២ឆ្នាំ ព្រះអង្គគង់នៅវត្តពុទ្រារាម(ពុទ្រា) ភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីខាង លើនេះគឺជាករណីឃាតកម្មពិតប្រាកដមែន ដោយភិក្ខុសង្ឃរងនូវការវាយពីវត្ថុរឹង រហូតមកដល់ពេលនេះ មិនទាន់បានកំណត់មុខសញ្ញាឃាតកនៅឡើយទេ ខណៈជំនាញរបស់លោកកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតកដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖