ព័ត៌មានទាន់ហេតុការណ៍៖

ធាក់បងបង្កើតសន្លប់ស្ដូកគេចខ្លួនបាន២ថ្ងៃជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាប្អូនបង្កើត ដែលជាមុខសញ្ញាទើបចេញពីមណ្ឌលកែប្រែ ទាស់ពាក្យសម្ដីជាមួយបងបង្កើត បានស្ទុះទៅធាក់បងមួយជើងចំឆ្អឹងជំនីរ បណ្ដាលឱ្យសន្លប់ស្ដូក រួចគេចខ្លួនបាត់ស្រមោល ។ លុះ២ថ្ងៃក្រោយមកត្រូវសមត្ថកិច្ចចាប់វាយខ្នោះយកទៅចាត់ការតាមច្បាប់ ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា  ជនរងគ្រោះឈ្មោះ ទ្រី យ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ទ្រី សុខេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើតេស្តទឹកនោមរកសារធាតុញៀន  លទ្ធផល (វិជ្ជមាន)។ វត្ថុតាងចាប់យកបានមាន ១.កាំបិតកែច្នៃចំនួន០១ដើម ,២.ចបកាប់ដងឈើចំនួន ០១។ 

ប្រភពដដែលបន្តថា ជនសង្ស័យជា

មុខសញ្ញាប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ហើយអាណាព្យាបាលធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀននៅឱកាសខ្ញុំចំនួន០១លើកមកហើយ ក្រោយពីត្រឡប់មកផ្ទះវិញជនសង្ស័យតែងតែប្រើប្រាស់គ្រឿងញៀននិងប្រើហិង្សាបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះជាញឹកញាប់។  នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី ជនសង្ស័យបានប្រើក្មួយឱ្យទៅយកបារីពីឪពុករបស់ខ្លួនមកជក់។ ឮដូច្នេះជនរងគ្រោះដែលត្រូវជាប្អូនបង្កើតបាននិយាយទៅជនសង្ស័យថា បើអ្ហែងចង់ជក់ម៉េចក៏មិនដើរទៅយកខ្លួនឯង ភ្លាមនោះជនសង្ស័យក៏បានជេរប្រមាថ គំរាមរកសម្លាប់ទៅជនរងគ្រោះដែលត្រូវជាបងបង្កើតរបស់ខ្លួន ហើយក៏មានការទាស់ពាក្យសម្តីជាមួយគ្នា។ ក្នុងពេលនោះជនសង្ស័យក៏បានស្ទុះទៅធាក់ជនរងគ្រោះបណ្ដាលឱ្យដួល ហើយឪពុកនិងបងប្អូនក៏បានទៅចាប់ឃាត់។បន្ទាប់មកជនសង្ស័យក៏បានដើរចូលទៅក្នុងផ្ទះ ហើយក៏បានយកកាំបិតកែច្នៃដែលលាក់ទុកនៅក្បាលដំណេករបស់ខ្លួនស្ទុះមកចាក់ទៅលើជនរងគ្រោះ តែត្រូវបានឪពុកនិងបងប្អូនឃាត់ទាន់។ ក្រោយពីឪពុកនិងបងប្អូនឃាត់ចាប់យកកាំបិតចេញ ជនសង្ស័យបានស្ទុះទៅយកដុំថ្ម បម្រុងគប់ទៅលើជនរងគ្រោះថែមទៀត

តែក៏ត្រូវបានប្អូនស្រីចាប់ដុំថ្មនោះជាប់ រួចក៏គ្រវែងដុំថ្មចោល ក្នុងពេលនោះជនសង្ស័យក៏បានស្ទុះទៅយកចបកាប់បម្រុងវាយទៅលើជនរងគ្រោះថែមទៀតហើយក៏ត្រូវបងប្អូនចាប់ជាប់យកទៅបោះចោលក្នុងទឹកទន្លេ ក្នុងពេលនោះជនសង្ស័យក៏ស្ទុះទៅធាក់ជនរងគ្រោះមួយជើងទៀតចំឆ្អឹងជំនីរបណ្ដាលឱ្យដួលសន្លប់នៅលើដី។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ទៅ។  បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសម្បូរមាស។ ក្រោយពីទទួលពាក្យបណ្ដឹង ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ទ្រី សុខេន យកមកធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រើអំពើហិង្សានិងគម្រាមរកសម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ 

ករណីនេះកម្លាំងជំនាញនិងកម្លាំងជំនាញប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖