ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ពី ការផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន

ចែករំលែក៖

ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ពី ការផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន។ ដោយលោកសរសេរថា ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន ដូចខាងក្រោម៖

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន ជ្រាប ២ចំណុច៖

១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្ដិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។”

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចលុបឈ្មោះនាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន។

 អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាន និងបុគ្គល ដែលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖