ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបទីតាំងស្តុក និងចែកចាយផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ០២ទីតាំង និងនាំខ្លួនម្ចាស់ទីតាំងម្នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការនោះ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមន្រ្តីក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនThanathorn International.co.,Ltd និងក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្តកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំងដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ០២ទីតាំង។
ក្រោយពីការឆែកឆេរ សមត្ថកិច្ចចំរុះបានរកឃើញនូវផលិតផលធូបមូសម៉ាកRangerក្លែងក្លាយចំនួន ១.៤៥៨កេស ស្មើនិង ១៥.៥១៤គីឡូក្រាម និងសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ តារា