ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសឡាវដោយសុវត្ថិភាព

ចែករំលែក៖

ប្រទេសឡាវ ៖ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដល់ទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំមន្រ្តីរាជការរដ្ឋសភាម្ចាស់ផ្ទះ។

វត្តមានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃទីក្រុងវៀងច័ន្ទន៍ មាន លោក Khamchanh SOTAPASEUTH សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឡាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវជាច្រើននាក់។ ជាមួយគ្នានេះ ក៏មានវត្តមាន លោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឡាវ និងសហការី ផងដែរ។

តបតាមការអញ្ជើញរបស់ លោក សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកវិស័យការទូតសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាពលរដ្ឋក្នុងតំបន់ និងអន្តរជាតិ។ 

ក្រោយពីបានអញ្ជើញដល់ប្រទេសឡាវ នៅព្រឹកថ្ងៃទី១៨ ខែតុលា នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៥ ដែលជាកិច្ចប្រជុំសំខាន់ មានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាដែលជាសមាជិកអាយប៉ា ដើម្បីពិភាក្សាអនុម័តកម្មវិធី និងរបៀបវារៈមហាសន្និបាតលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤៕

ដោយ ៖ សិលា


ចែករំលែក៖