ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចលេខ៧០ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ឆ្នាំ ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍   ត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ឆ្នាំ ២០២៤ ធ្វេីឡេីងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។

លោកលោកឧត្តមសេនីយ៍ឯក ហែម ថា បានមានប្រសាសន៍ថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ។

លោកមេបញ្ជាការកងពល បានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហែម ថា ក៏បានផ្តាំផ្ញើដល់និវត្តជន និងយោធិនពិការទាំងអស់ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុ ភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ព្រមទាំងចូលរួមការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ៕

ដោយ ៖ សិលា


ចែករំលែក៖